សាលាក្រុងស្នើឱ្យជប៉ុនជួយលើកកម្ពស់ប្រព័ន្ធពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់នៅភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យជប៉ុនពិចារណាវិនិយោគបន្ថែមលើច្រើនវិស័យនៅទីក្រុងភ្នំពេញ ពិសេសលើសេវាកម្មពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗ។

ឯកឧត្តម បានឱ្យដឹងដូច្នេះ ក្នុងជំនួបជាមួយក្រុមអ្នកវិនិយោគទុនជប៉ុន កាលពីថ្ងៃទី ០៣ ខែ កុម្ភៈ កន្លងទៅ។

ឯកឧត្តម ថា៖ «បញ្ហាអគ្គិភ័យសម្រាប់អគារខ្ពស់ៗ គឺរឿងសំខាន់មួយដែលត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ពេល ទាំងបច្ចេកទេស ឧបករណ៍ រថយន្តពន្លត់អគ្គីភ័យ និងក្រុមការងារមានចំណេះជំនាញ ទិសដៅដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា»។

ជាការឆ្លើយតបនឹងសំណើ លោក តាកាហាស៊ី ហ្វូមីគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថា ភាគីជប៉ុននឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញ តាមតែអាចធ្វើបាន។

គួរបញ្ជាក់ថា កាលពីខែតុលា ឆ្នាំ ២០២១ កន្លងទៅ ក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ច និងស្ម័គ្រចិត្ត សម្រាប់សំណង់អគារខ្ពស់ និងជាន់ក្រោមដី ជាផ្លូវការ ដើម្បីបង្ការ និងពន្លត់អគ្គិភ័យ តាមសំណង់គោលដៅ។ (អានបន្ថែម)

- Video Advertisement -