សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដាក់ឆ្លងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានដាក់ឆ្លងឧត្តមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិភាក្សា សេចក្តីព្រៀងច្បាប់ស្តីពីសំណង់ ដែលក្រសួងទើបតែបញ្ចប់ការតាក់តែងកាលពីខែកក្កដាកន្លងទៅ។
ថ្លែងនៅក្នុងសេចក្តីថ្លែងហេតុ នៅថ្ងៃអង្គារ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី សំណង់នេះមាន ២២ ជំពូក និង ១១៣មាត្រា ហើយច្បាប់ស្តីពីសំណង់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធាន និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់ក្នុងប្រទេសកម្ពុជា។
លោក គង់ មូនីកា ប្រធានប្តូរវេន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សឆន្ទះខ្មែរ លើកឡើងថា សមាជិកឧត្តមប្រឹក្សា បានលើកឡើងពីក្តីកង្វល់នៅក្នុងអង្គប្រជុំ ជុំវិញភាពទន់ខ្សោយនៃការអនុវត្តច្បាប់ ដោយសារតែគម្រោងសំណង់មួយចំនួនកំពុងសាងសង់ដោយគ្មានលិខិតអនុញ្ញាតសាងសង់។
លោក គង់ មូនីកា ថ្លែងថា៖ «យើងបានពិនិត្យសេចក្តីព្រៀងច្បាប់នេះ យើងយល់ថាសេចក្តីព្រៀងច្បាប់នេះល្អ។ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភគឺ តើអាជ្ញាធរនឹងអនុវត្តច្បាប់នេះរបៀបណា ហើយដោយសារតែអំពើពុករលួយលក្ខណៈជាប្រព័ន្ធនៅតែជាបញ្ហាធំ ដែលក្រសួងត្រូវតែពិនិត្យមើលនិងដោះស្រាយ»។
ត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ២០១៧ សេចក្តីព្រាងច្បាប់ស្តីពីសំណង់នេះ មានវិសាលភាពពង្រឹង និងពង្រីកការគ្រប់គ្រងដល់គ្រប់ភាគីពាក់ព័ន្ធ និងការប្រតិបត្តិការការងារទាំងឡាយក្នុងវិស័យសំណង់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការបង្កើតឱ្យមានច្បាប់ស្តីពីសំណង់នេះ គឺដើម្បីឆ្លើយតបទៅនឹង វិស័យសំណង់ដែលមានកំណើនយ៉ាងឆាប់រហ័ស ដូចជាអគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សាជាដើម៕


- Video Advertisement -