ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ឋប្បវេណី សិទ្ធិជួលអចិន្ត្រៃយ៍ សំដៅទៅលើសិទ្ធិជួល​អចលន​វត្ថុរយៈពេលវែងចាប់ពី ១៥ឆ្នាំ ឡើងទៅ។

មាត្រា ២៤៥ នៃក្រមរដ្ឋប្បវេណី ក៏បានតម្រូវឱ្យសិទ្ធជួលអចិន្រ្តៃយ៍ ត្រូវតែបង្កើតឡើងជាលាយលក្ខណ៍អក្សរ (ធ្វើជាកិច្ច​សន្យា​) ទើ​បមានអនុភាព បើពុំនោះទេនឹងត្រូវចាត់ជាភតិសន្យាដែលពុំមានកំណត់អំឡុងពេលវិញ (កិច្ចសន្យា​ជួល​ធម្មតា)។

កិច្ចសន្យាជួលនេះ មិនខុសគ្នាច្រើនពីកិច្ចសន្យាជួលផ្ទះ ឬដីធម្មតានោះទេ គ្រាន់តែខុសគ្នាត្រង់ថេរៈ​វេលា​នៃការ​ជួល​ និង​សិទ្ធិ​របស់​ភតិបតិ (ម្ចាស់ដី ឬផ្ទះ) និងភតិកៈ (អ្នកជួល) តែប៉ុណ្ណោះ។ (អានបន្ថែម)

ជាទូទៅ យើងសង្កេតឃើញថា ការជួលអចិន្ត្រៃយ៍ គឺគេអនុវត្តភាគច្រើនចំពោះសកម្មភាពពាណិជ្ជកម្ម ដូចជាការ​ជួល​​​អគារ​ពាណិជ្ជកម្ម ការជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងការជួលដីសម្បទានសេដ្ឋកិច្ចជាដើម។

ការ​ជួលនេះ គឺចាប់ពី ១៥ឆ្នាំឡើងទៅ តែមិនអាចលើសពី ៥០ឆ្នាំឡើង ហើយប្រសិនការបង្កើតសិទ្ធិ​ជួល​អចិ​ន្រៃ្ត​យ៍​ដែ​​លមានអំឡុងពេលលើសពី ៥០ឆ្នាំ ត្រូវបន្ថយមកត្រឹម ៥០ឆ្នាំវិញ។

មួយវិញទៀត សិទ្ធិជួលអចិន្ត្រៃយ៍ អាច​បន្ត​សា​ជាថ្មីបាន តែមិនត្រូវលើសពី ៥០ឆ្នាំឡើយ (មាត្រា ២៤៧ នៃក្រមរដ្ឋប្បវេណី)។

បន្ថែមពីនេះ អ្នកជួលអចិន្ត្រៃយ៍ ត្រូវចុះបញ្ជីសិទ្ធិជួលអចិន្ត្រៃយ៍របស់ខ្លួននៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ទើបអាចតតាំងជាមួយតតិយជនបាន (មាត្រា ២៤៦ នៃក្រមរដ្ឋប្បវេណី)។ មន្ទីរ នឹងចេញ​វិញ្ញា​​​​បន​បត្រសម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍ ជូនទៅអ្នកជួលអចិន្ត្រៃយ៍។

ខាងក្រោមនេះ ជាសិទ្ធិសំខាន់ៗមួយចំនួនដែលអ្នកឱ្យជួលអចិន្ត្រៃយ៍ និងអ្នកជួលអចិន្ត្រៃយ៍ មាន៖

ក. សិទ្ធិរបស់អ្នកឱ្យជួលអចិន្ត្រៃយ៍៖

  • សិទ្ធិទាមទារឱ្យតម្លើងថ្លៃជួល (មាត្រា ២៤៩)៖ អ្នកឱ្យជួលអចិន្ត្រៃយ៍អាចតម្លើង តាមផ្លូវ​តុលា​កា​រ​ ក្នុងករណីថ្លៃឈ្នួលមិនសមរម្យដោយស្ថានភាពផ្សេងៗ។ ឧទាហរណ៍៖ អ្នកឱ្យជួល​អចិន្ត្រៃ​យ៍ អាច​តម្លើ​ង​​ថ្លៃ​ឈ្នួល​បាន ប្រសិនតម្លៃឈ្នួលនោះមិនសមស្របនឹងតម្លៃអចលនវត្ថុនោះ ដោយ​សារ​​កើនតម្លៃ​ទ្វេ​ដង​ក្នុងទី​ផ្សារ។
  • សិទ្ធិរំលាយកិច្ចសន្យា (មាត្រា ២៥០)៖ ប្រសិនអ្នកជួលអចិន្ត្រៃយ៍មិនបានបង់ថ្លៃឈ្នួលដូចបានកំណត់​ក្នុង​អំឡុ​​ង​រយៈពេល ០៣ឆ្នាំ នោះអ្នកឱ្យជួលអចិន្ត្រៃយ៍ អាចរំលាយកិច្ចសន្យាបាន។

ខ. សិទ្ធិអ្នកជួលអចិន្ត្រៃយ៍៖

  • កាតព្វកិច្ចបង់ថ្លៃឈ្នួល (មាត្រា ២៤៨)៖ អ្នកជួល ត្រូវបង់ថ្លៃឈ្នួល ដូចបានកំណត់ក្នុងកិច្ចសន្យា តែបើមិន​បាន​កំណត់ក្នុងកិច្ចសន្យា អ្នកជួលត្រូវបង់ទៅអ្នកឱ្យជួលនៅរាល់ដំណាច់ឆ្នាំ។
  • សិទ្ធិទាមទារឱ្យបញ្ចុះថ្លៃឈ្នួល (មាត្រា ២៤៩)៖ ក្នុងការជួលរយៈពេលវែងបែបនេះ តម្លៃអចលនវត្ថុក្នុង​ទីផ្សា​រ​​​មិននៅឋិតឋេរទេ។ ដូចនេះ អ្នកជួល មានសិទ្ធិស្នើទៅតុលាការក្នុងការបញ្ចុះតម្លៃឈ្នួល ប្រសិនបើ​​តម្លៃ​អ​ច​ល​​នវត្ថុនោះ ធ្លាក់ថ្លៃ។
  • សិទ្ធិរំលាយកិច្ចសន្យា (មាត្រា ២៥១)៖ ប្រសិនមិនចំណេញពីអចលនវត្ថុនោះរយៈពេល ០៣ឆ្នាំ ឬ​ដោយ​សារ​​ករណីប្រធានសក្តិណាមួយ ឬដោយសារការខូចខាតផ្នែកណាមួយនៃអចលនវត្ថុនោះ អ្នកជួល​អចិន្ត្រៃ​យ៍ ​អាចរំលាយកិច្ចសន្យាបាន។
  • អនុប្បទានសិទ្ធិជួលអចិ​ន្ត្រៃយ៍ (មាត្រា ២៥២)៖ សិទ្ធិជួលអចិន្ត្រៃយ៍ អាចផ្ទេរ ឬចាត់ចែងផ្សេងទៀត​​ដោយ​ដូច​​ជា លក់ ដូរ ប្រទានកម្ម អំណោយ បញ្ចាំដោយយកថ្លៃក៏បាន ដោយមិនយកថ្លៃក៏បាន អោយតែមានការ​ព្រម​ព្រៀង​។ មួយវិញទៀត អ្នកជួលអចិន្ត្រៃយ៍ អាចយកអចលនវត្ថុនោះទៅជួលបន្ត និងធ្វើជាកម្មវត្ថុនៃ​សន្ត​តិ​​​កម្ម​​ (ផ្ទេរសិទ្ធិ និងករណីកិច្ចមានលើអចលនវត្ថុនោះ ទៅអ្នកស្នងមរតក) បានផងដែរ។

នៅពេលបញ្ចប់កិច្ចសន្យាជួល អ្នកជួលត្រូវប្រគល់អចលនវត្ថុឱ្យទៅអ្នកឱ្យជួលវិញ។​ ជាមួយគ្នានេះ ប្រសិនណាបើ អចលន​វត្ថុ​​នោះ ត្រូវបានបំផ្លាញ ឬត្រូវបានបំលែងនូវផ្នែកសំខាន់នៃតួអគារ​ នោះអ្នកជួលអចិន្ត្រៃយ៍ត្រូវ​ស្តារ​ស្ថាន​ភាព​នៃ​អច​ល​​នវត្ថុនោះវិញ (​មាត្រា ២៥៤)។

មួយវិញទៀត ក្រោយបញ្ចប់កិច្ចសន្យានេះផងដែរ អ្នកឱ្យជួលអចិន្ត្រៃយ៍ អាចទទួលបាននូវអចលនវត្ថុ ឬ​សំណង់​នោះ ដែលបានធ្វើការកែលំអ ឬសាងសង់បន្ថែម ដោយគ្មានសំណងទៅអ្នកជួលអចិន្ត្រៃយ៍នោះទេ លើកលែង​តែគូ​ភាគី​ទាំងពីរបានចែងព្រមព្រៀងលើសំណងក្នុងកិច្ចសន្យា។

យើងជាទូទៅស្គាល់ការជួលរយៈពេលវែងជាជាងការជួលអចិន្ត្រៃយ៍​ ដែលភាគច្រើនប្រើក្នុ​ង​ច្បាប់​ស្តី​ពី​ភូមិ​បា​ល ​២០០​១​ តែពេលនេះ ពាក្យ «ការជួលរយៈពេលវែង» ត្រូវបានជំនួសដោយពាក្យ «ការជួលអចិន្ត្រៃយ៍​»​ វិញ តាមរយៈ​ក្រមរដ្ឋប្ប​វេណី២០០៧។

គួរបញ្ជាក់ថា ដី ឬអគារ ដែលអាចចុះកិច្ចសន្យាជួលអចិន្ត្រៃយ៍បាន លុះត្រាតែមានប្លង់រឹង បើពុំនោះទេមិនអាច​ចុះ​បញ្ជី​សម្គាល់សិទ្ធិជួលអចិន្ត្រៃយ៍បានទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]

Bentley Systems ប្រកាសឈ្មោះជ័យលាភីកម្មវិធីប្រកួតគម្រោងសំណង់ឆ្នើម ឆ្នាំ ២០២២

Bentley Systems ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ឌីជីថលល្បីល […]