ហាងលក់រាយទំនិញម៉ូដទាន់សម័យថ្មីៗនៅក្នុងប្រទេសកម្ពុជា
សុទិដ្ឋិនិយមរបស់អ្នកប្រើប្រាស់នៅកម្ពុជាគឺខ្ពស់ នៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន។ ម៉ាកយីហោទាន់សម័យល្បីៗរបស់អន្តរជាតិ កាន់តែច្រើនឡើងៗបានចូលមកក្នុងទីផ្សារ ដែលការណ៍នេះបាននាំមកនូវជម្រើសច្រើនជាងមុនសម្រាប់អតិថិជន។ ដោយសារតែយុទ្ធសាស្ត្រកំណត់ថ្លៃល្អ គំរូអាជីវកម្មម៉ូដទាន់សម័យថ្មីៗបានផ្លាស់ប្តូរឧស្សាហកម្មសំលៀកបំពាក់ ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងពិភពលោក។ ហាងលក់រាយម៉ូដទាន់សម័យថ្មីៗផ្តល់ជូននូវម៉ូដពេញនិយមទៅតាមរដូវកាល ដើម្បីអាចប្រកួតប្រជែងយ៉ាងល្អនៅក្នុងទីផ្សារទាំងអស់ដែលខ្លួនបោះទីតាំងឈរ។ លើសពីនេះទៀត អ្វីដែលអតិថិជនចង់បានចំពោះម៉ូដទាន់សម័យថ្មីៗនោះ មិនមែនផ្អែកតែលើតម្លៃទាបនោះទេ ព្រោះអតិថិជនក៏ហ៊ានចំណាយខ្ពស់សម្រាប់ផលិតផលម៉ាកដែលមានគុណភាពខ្ពស់ផងដែរ។
នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជា ការចំណាយរបស់អ្នកប្រើប្រាស់គឺជា កត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាជនដែលមានប្រាក់ចំណូលមធ្យមនៅក្នុងប្រទេសកម្ពុជាធ្វើឲ្យប្រទេសនេះក្លាយជាទីផ្សារដ៏ជោគជ័យមួយសម្រាប់ម៉ាកយីហោម៉ូដលំដាប់ខ្ពស់។ ប្រទេសកម្ពុជាគឺជាទីផ្សារថ្មីបំផុតមួយ ដែលហាងលក់រាយធំៗកំពុងចាប់អារម្មណ៍លើ។ កម្ពុជាអាចត្រូវបានចាត់ទុកថាជាទីផ្សារដ៏គួរឲ្យទាក់ទាញ ព្រោះតែកំណើននៃអ្នកប្រើប្រាស់ដែលមានប្រាក់ចំណូលខ្ពស់ និងនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ ការកើនឡើងនៃប្រជាជនមានប្រាក់ចំណូលមធ្យមទំនងជានឹងជួយជំរុញទីផ្សារលក់រាយជារួម និងជាពិសេសសម្រាប់ទីផ្សារម៉ូដទាន់សម័យ និងសំលៀកបំពាក់។ ដោយសារតែប្រជាជនមានប្រាក់ចំណូលកម្រិតមធ្យមកើនឡើងនោះ ទីផ្សារលក់រាយម៉ូដទាន់សម័យថ្មីៗនឹងផ្តល់ឱកាសជាច្រើនដល់វិនិយោគិន ទាំងក្នុងរយៈពេលមធ្យម និងរយៈពេលវែង។
សមត្ថភាពក្នុងការលក់ផលិតផលក្នុងតម្លៃសមរម្យ ក៏ជាភាពខ្លាំងរបស់ហាងលក់រាយផងដែរ។ លើសពីនេះទៀត ប្រជាជនវ័យក្មេងឆាប់ទទួលយកនូវការពេញនិយមជាអន្តរជាតិថ្មីៗ ដែលនេះជួយបង្កើននូវប្រភេទផលិតផលនិងជម្រើសសម្រាប់អ្នកប្រើប្រាស់ ហើយពួកគេមិនចាំបាច់ធ្វើដំណើរទៅកាន់ទីក្រុងបាងកង ហុងកុង ឬសឹង្ហបុរី ដើម្បីទទួលបានម៉ូដស្ទាយថ្មីបំផុតនោះទេ ទោះបីទីក្រុងទាំងនេះផ្តល់នូវជម្រើសម៉ាកច្រើនជាងនៅកម្ពុជាក៏ដោយ។
ម៉ាកម៉ូដទាន់សម័យថ្មីៗជាច្រើនដែលមានវត្តមាននៅភ្នំពេញ ផ្តល់ជូននូវសំលៀកបំពាក់ គ្រឿងលម្អ កាបូប និងស្បែកជើង ដែលជាម៉ូដពេញនិយមក្នុងតម្លៃសមរម្យ។ រហូតមកទល់ពេលនេះ ម៉ាកយីហោដូចជា Armani Exchange, Crocsនិង Dapper ជាដើម បានចូលមកក្នុងទីផ្សារកម្ពុជានៅឆ្នាំ២០១៧។ ម៉ាកទាន់សម័យទាំងនេះបានបន្តចូលមកក្នុងទីផ្សារកម្ពុជា ឬបន្តបង្កើនចំនួនហាងនៅភ្នំពេញ ដោយសារតែទីផ្សារលក់រាយមានភាពរឹងមាំ។ ជាទូទៅ ម៉ាកយីហោទាំងនេះចូលមកក្នុងទីផ្សារក្នុងទម្រង់ជាFranchises ជាតំណាងចែកចាយ ឬជាម្ចាស់ហាង។ ម៉ាកយីហោទាំងនេះមួយចំនួនក៏បានដាក់ចេញនូវម៉ាកយីហោផ្សេងដែលជារបស់ក្រុមហ៊ុនមេតែមួយរបស់ខ្លួន(Sister Brands)នៅកន្លែងដែលខ្លួនមានវត្តមានហើយផងដែរ។
ភាគច្រើននៃអ្នកប្រើប្រាស់ផលិតផលលក់រាយរបស់ម៉ូដទាន់សម័យគឺមានអាយុចន្លោះពី ១៥ ទៅ ៤០ឆ្នាំ។ ទន្ទឹមនឹងនេះដែរ ជាងពាក់កណ្តាលនៃប្រជាជនកម្ពុជាមានអាយុក្រោម ៣៥ឆ្នាំ។ អ្នកប្រើប្រាស់ដែលមានប្រាក់ចំណូលមធ្យមទាំងនេះចង់បានផលិតផលដែលមានគុណភាព និងការរចនាដ៏ល្អ ព្រមទាំងតម្លៃសមរម្យ។ នៅឆ្នាំខាងមុខ ទីផ្សារនឹងបន្តដឹកនាំដោយក្រុមប្រជាជនដែលនិយមនូវម៉ូដទាន់សម័យទាំងនេះ។
នៅពេលបញ្ចប់ការសាងសង់មជ្ឈមណ្ឌលផ្សារទំនើបថ្មីៗនៅភ្នំពេញនាពេលខាងមុខ ហាងលក់រាយដែលមានតម្លៃមធ្យម និងផលិតផលិតផលក្នុងបរិមាណច្រើនជាច្រើនទៀតបានត្រៀមខ្លួនជាស្រេចដើម្បីស្វែងរកទីផ្សារនៅកម្ពុជា។ ម៉ាកយីហោដូចជា Armani Exchange ឬ Timberlandថ្មីៗនេះបាននាំចូលម៉ាករបស់ខ្លួនមកក្នុងរាជធានីភ្នំពេញដែលនេះគឺជាការផ្លាស់ប្តូរដ៏ធំមួយ សម្រាប់ឧស្សាហកម្មលក់រាយសំលៀកបំពាក់។ មុនពេលបើកដំណើរការម៉ាក Timberland ភាគច្រើននៃម៉ាកម៉ូដទាន់សម័យថ្មីៗនិងល្បីៗដែលមានវត្តមានស្រាប់ក្នុងទីផ្សារ គឺមកពីប្រទេសម៉ាឡេស៊ី ឬប្រទេសថៃ ។
ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ចាត់ទុកហាងលក់រាយម៉ូដទាន់សម័យមួយចំនួនជាម៉ាកល្បីលំដាប់អន្តរជាតិនិងចង់បានផលិតផលម៉ាកទាំងនោះ។ ឧទាហរណ៍ ស្បែកជើងម៉ាក Clarks របស់អង់គ្លេស ឬសំលៀកបំពាក់ម៉ាក Lacoste របស់បារំាង។ ម៉ាកទាំងនេះបានធ្វើឲ្យសាធារណជនចាប់អារម្មណ៍ ពីព្រោះវាផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ។ ហេតុផលមួយទៀតដែលម៉ាកម៉ូដទាន់សម័យនាំមុខគេនៅក្នុងទីផ្សារប្រទេសកម្ពុជាគឺដោយសារតែប្រទេសនេះមិនមានវត្តមានម៉ាកក្នុងស្រុកដែលល្បីនិងពេញនិយម។ នេះគឺខុសពីបណ្តាប្រទេសដទៃទៀតដែលម៉ាកក្នុងស្រុករបស់គេមានចំនួនច្រើនក្នុងទីផ្សារសំលៀកបំពាក់។ ជាឧទហរណ៍ នៅប្រទេសម៉ាឡេស៊ី ថៃ និងហ្វីលីពីន ម៉ាកក្នុងស្រុកបានប្រកួតប្រជែងជាមួយម៉ាកអន្តរជាតិទាំងនេះ ប៉ុន្តែផលិតផលខ្លះបានបាត់បង់ចំណែកទីផ្សារវិញដោយសារកំរិតនៃការប្រកួតប្រជែង។ ជាការពិត នៅមានម៉ាកក្នុងស្រុកមួយចំនួនដែលនៅតែបន្តមានចំណែកទីផ្សារ បើទោះបីជាមានការហូរចូលនៃម៉ាកអន្តរជាតិល្បីៗជាច្រើនក៏ដោយ។
មានការប៉ាន់ប្រមាណថាម៉ាកបរទេសជិត ៥០ បានមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងបានកាន់កាប់ភាគច្រើននៃចំណែកទីផ្សារ។ ម៉ាកយីហោដូចជា Pedro ឬ VNC គឺជាម៉ាកពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។ ម៉ាកយីហោបរទេសបាននាំគ្នាចូលមកកាន់ប្រទេសកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺដោយសារតែពួកគេមើលឃើញឱកាសជាច្រើន រំពឹងថាទីផ្សារនិងអត្រាកំណើនលក់រាយខ្ពស់ ហើយផ្តល់ប្រាក់ចំណេញច្រើន។
ការហូរចូលនៃម៉ាកយីហោអន្តរជាតិល្បីៗទាំងនេះ ត្រូវបានគេមើលឃើញថានឹងបន្តជំរុញឲ្យមានការស្រូបយកតម្រូវការកន្លែងលក់រាយនៅភ្នំពេញ។ ម៉ាកម៉ូដទាន់សម័យមានប្រមាណ ៣០ ភាគរយនៃកន្លែងលក់រាយសរុប ហើយខ្ញុំជឿជាក់ថា ចំណុចនេះនឹងជំរុញការស្រូបយកកន្លែងលក់រាយនៅមជ្ឈមណ្ឌលផ្សារទំនើបដែលនឹងបើកនាពេលខាងមុខនៅរាជធានីភ្នំពេញ។
ថ្មីៗនេះ ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច (e-commerce) មានទំហំតូចនៅក្នុងការលក់សរុប ប៉ុន្តែវាកំពុងកើនឡើង ហើយមាននវានុវត្តន៍ភាពជាច្រើននៅក្នុងវិស័យនេះ ដែលអ្នកលក់រាយតាមបែបធម្មតាត្រូវតែដឹង និងស្វែងយល់ពីវា ហើយខ្ញុំជឿជាក់ថាវានឹងមានភាពរឹងមាំក្នុងទីផ្សារក្នុងរយៈពេលវែង។ នៅពេលមានកំណើនលូតលាស់នោះ ទីផ្សារនៃការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិច(e-commerce) នឹងមានកំណើនខ្លាំង។
ក្នុងរយៈពេលវែង វិស័យឧស្សាហកម្មម៉ូដទាន់សម័យនឹងក្លាយជាអាជីវកម្មដ៏ធំ។ ម៉ាកទាំងឡាយនឹងត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ស្របតាមតម្រូវការទីផ្សារ និងលាយបញ្ចូលគ្នានូវប្រភេទនានា ដើម្បីទទួលបានអត្ថប្រយោជន៍នៅក្នុងទីផ្សារ។ ម៉ាកទាំងឡាយត្រូវចំណាយពេលវេលាស្រាវជ្រាវអំពីវប្បធម៌ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា មុនពេលដែលពួកគេនាំចូលនូវម៉ាករបស់គេមកកម្ពុជា។ ម្យ៉ាងទៀត ដើម្បីអាចកំណត់គោលដៅអ្នកប្រើប្រាស់បានត្រឹមត្រូវ និងមានទីតាំងឈរក្នុងទីផ្សារនោះ ការលក់រាយតាមអនឡាញ និងបណ្តាញសង្គម ក៏ជាចំណុចសំខាន់ដើម្បីរក្សាជោគជ័យនៅលើទីផ្សារក្នុងរយៈពេលវែងផងដែរ។
- Video Advertisement -