ហេតុអ្វីអ្នកអភិវឌ្ឍអចលនទ្រព្យធំៗហ៊ានបោះទុនបន្ថែមសង់គម្រោងនានាទោះក្នុងវិបត្តិកូវីដ?

សរសរដោយ៖ អ្នកវិភាគអចលនទ្រព្យឯករាជ្យលោក Eric Won Chon Lap

២ ឆ្នាំនៃវិបត្តិកូវីដ បានធ្វើឱ្យក្រុមហ៊ុនជាច្រើនជួបនឹងបញ្ហា ខ្លះត្រូវបិទ និងខ្លះទៀតត្រូវខំរស់ដោយបង្កើតការប្រកួតប្រជែងក្នុងទីផ្សារ។ ដោយឡែក អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើននៅកម្ពុជា បានសម្របខ្លួនបានយ៉ាងរហ័ស ដោយប្រើប្រាស់ចំណូលពីអាជីវកម្មចម្រុះរបស់ពួកគេ។

អ្នកអភិវឌ្ឍន៍ខ្លះទៀត យល់ឃើញថាអំឡុងពេលកូវីដនេះគឺជាឱកាស ហើយសង្ងំពង្រីកប្រតិបត្តិការអាជីវកម្ម ឬសាងសង់គម្រោងថ្មីៗ ជាច្រើន ទិសដៅដើម្បីឱ្យគម្រោងទាំងនោះសម្រេចរួចរាល់ ស្របពេលដែលសេដ្ឋកិច្ចត្រឡប់មករស់រវើក និងត្រឡប់មកវិញនូវនិយោគិនអន្តរជាតិក្នុងពេលឆាប់ៗខាងមុខនេះ។

អ្នកអភិវឌ្ឍន៍ធំៗជាច្រើនបានប្រកាសលក់ និងសាងសង់គម្រោងជាច្រើនក្នុងអំឡុងពេលកូវីដនេះ ដោយដាក់ផែនការបញ្ចប់នៅឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥។ រយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខនេះ គឺជាពេលដែលអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថាទីផ្សារនឹងចាប់ផ្តើមងើបឡើងវិញ។

តួយ៉ាងដូចជា ក្រុមហ៊ុន ជីប ម៉ុង លែន ដែលបង្ហាញពីផែនការចង់ប្រែក្លាយខណ្ឌជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ ៦អា ទៅជាទីក្រុងស៊ីវិល័យថ្មីមួយ ជាមួយនឹងការអភិវឌ្ឍន៍បូរីផាកលែន ៦អា។ តាមផែនការ គម្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ព្រោះក្រុមហ៊ុនមានទំនុកចិត្តថាកូវីដ១៩នឹងបញ្ចប់ នៅពេលនោះ ហើយឧស្សាហកម្មអចលនទ្រព្យក៏នឹងស្ទុះងើបឡើងវិញខ្លាំងដែរ។

លើសពីនេះ ក្រុមហ៊ុន ជីប ម៉ុង ក៏បានសាងសង់ផ្សារទំនើបជាច្រើនកន្លែងផងដែរដូចជា ជីប ម៉ុង 271 មេហ្គាម៉ល និង ជីប ម៉ុង 598 ម៉ល ដោយសុទ្ធសឹងជាគម្រោងដែលនឹងបញ្ចប់នៅឆ្នាំ ២០២២ ខាងមុខ។ សកម្មភាពពង្រីកអាជីវកម្មក្នុងអំឡុងកូវីដដូច្នេះ បង្ហាញពីយុទ្ធសាស្រ្តរបស់ជីប ម៉ុង ថាពួកគាត់គិតគូរពីឱកាសរយៈពេលវែង ដោយមិនរាថយត្រឹមបញ្ហាដែលកើតមានចំពោះមុខឡើយ។ ទាំងនេះ បញ្ជាក់ថា អនុវិស័យផ្នែកផ្សារទំនើបនៃទីផ្សារអចលនទ្រព្យ នឹងងើបឡើងវិញឆាប់ៗផងដែរ។

ដូចគ្នានេះ ក្រុមហ៊ុន ជីប ម៉ុង គ្រុប ក៏មានសុទិដ្ឋិនិយមផងដែរក្នុងការងើបឡើងវិញនៃឧស្សាហកម្មបដិសណ្ឋារកិច្ច ក្រោយការបើកប្រទេស។ បន្ថែមពីសណ្ឋាគារ Hyatt Regency Phnom Penh ជាក់ស្ដែង ក្រុមហ៊ុនបានបោះទុន ៨០លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារប្រេនអន្តរជាតិ Fairfield by Marriott Phnom Penh ដែលគ្រោងនឹងបើកដំណើរការនៅពេលអនាគតផងដែរ។

លើសពីនេះ បើវិភាគលើផ្នែកតម្រូវការវិញ ទោះបីជាមានវិបត្តិកូវីដក្ដី តម្រូវការទិញគេហដ្ឋាននៅកម្ពុជា ក៏នៅតែបន្តកើនឡើងជាបន្តបន្ទាប់។ ចំណុចនេះហើយ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍មានទំនុកចិត្តថា ទីផ្សារនឹងស្ទុះខ្លាំងនៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញ។

បច្ចុប្បន្ន ដោយសារស្ថានភាពកូវីដ កំពុងធូរស្បើយ អ្នកអភិវឌ្ឍន៍អចលនទ្រព្យទាំងធំ និងតូចៗ នឹងត្រឡប់មកសម្រុកលើអាជីវកម្មឡើងវិញ ហើយដោយសារកត្តាមួយចំនួនតម្រូវឱ្យនៅតែមាន នឹងជួយឱ្យទីផ្សារងើបឡើងវិញបានយ៉ាងឆាប់រហ័ស។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -