ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
បន្ទាប់ពីសាងសង់បានរយៈពេលបួនឆ្នាំ អគារខុនដូរពីរនៅក្នុងគម្រោងទីក្រុងអូឡាំព្យា (Olympia City) នឹងបើកឲ្យចូលស្នាក់នៅ និងប្រតិបត្តិការអាជីវកម្មនៅចុងឆ្នាំនេះ។
គម្រោងទីក្រុងអូឡាំព្យាដ៏មហិមានេះមានចំនួន ១៣អគារ ដែលសាងសង់លើផ្ទៃដីសរុប ចំនួន ៦ហិចតាស្ថិតនៅភាគខាងជើងពហុកីឡដ្ឋានជាតិអូឡាំពិក។ ទីក្រុងដែលបានទទួលជ័យលាភីអចលនទ្រព្យនេះរួមមាន អគារកម្ពស់ ៣៦ជាន់ ចំនួន ២អគារ កម្ពស់ ២៥ជាន់ ចំនួន ៥អគារ កម្ពស់ ២០ជាន់ ចំនួន ៥អគារ កម្ពស់ ៦០ជាន់ ចំនួន ១អគារ រួមទាំងផ្សារទំនើបមួយផងដែរ។
អភិវឌ្ឍដោយក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា បានស្ថាបនាគម្រោងជាច្រើនរួមទាំងទីក្រុងកោះពេជ្យ ទីក្រុងអូឡាំព្យា ក៏ដូចជាគម្រោងភាគច្រើនរបស់ អូ.ស៊ី.អាយ.ស៊ី គឺត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនាគារកាណាឌីយ៉ា។
ក្រុមហ៊ុន OCIC បានបញ្ជាក់កាលពីចុងខែសីហាថា ខុនដូរទី១ (C1) និង ខុនដូរទី ២ (C2) នឹងបើកឲ្យចូលស្នាក់នៅ និងប្រើប្រាស់នៅចុងឆ្នាំនេះ ដែលនឹងបន្តដោយ ការសម្ពោធដំណើរការខុនដូរទី៣ (C3) និងខុនដូរទី ៤ (C4) និងចុងឆ្នាំ ២០១៧។ អគារខុនដូរទាំងបួននេះ ស្ថិតនៅក្នុងចំណោមអគារកម្ពស់ ២០ជាន់ ទាំង៥ ដែលត្រូវបានសាងសង់នៅក្នុងដំណាក់កាលដំបូងគេ។ ក្រុមហ៊ុននឹងបើកដំណើរការអគារផ្សេងៗ និងចលនទ្រព្យបន្តបន្ទាប់គ្នាចាប់ពីចុងឆ្នាំនេះទៅ។
បន្ទាប់ពីការសាងសង់បញ្ចប់ជាស្ថាពរគម្រោងទីក្រុងអូឡាំព្យា នឹងរួមមានផ្សារទំនើប Olympic Plaza អចលនទ្រព្យពាណិជ្ជកម្មនានា ផ្ទះអាជីវកម្ម (Shop House) ខុនដូរមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្កាយបារ សួនទឹកកម្សាន្ត និង សណ្ឋាគារដែលមាន ៥០០ បន្ទប់។ គម្រោងទាំងមូលនឹងអាចចតឡានបាន ២.៨៤៤គ្រឿង។
លក្ខណៈពិសេសរបស់ទីក្រុងអូឡាំព្យា គឺជាការរួមបញ្ចូលគ្នាយ៉ាងល្អវិចិត្ររវាងអាជីវកម្ម និងបែបបទជីវិតនៅកន្លែងតែមួយ។ អគារផ្ទះល្វែងអាជីវកម្មដែលមានកម្ពស់ ៤ជាន់ ត្រូវបានរចនាឡើងសម្រាប់បម្រើឲ្យទាំងគោលបំណងអាជីវកម្ម និងការរស់នៅដែលអនុញ្ញាតឲ្យអតិថិជន អាចប្រកបរបរអាជីកម្មផ្សេងៗ នៅជាន់ទី១ និងជាន់ទី២ ហើយអាចរស់នៅនៅជាន់ទី ៣ និងទី ៤។
ដោយសារតែការរចនាដ៏ល្អឆើតឆាយ និង ការសាងសង់ប្រកបដោយគុណភាពនិង សាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានកេរិ៍្តឈ្មោះល្បីរន្ទឺ ទីក្រុងអូឡាំព្យាបានទទួលពានរង្វាន់ជាច្រើនពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០១៦ (Cambodia Property Awards) កាលពីដើមឆ្នាំនេះដែលមានគម្រោងអចលនទ្រព្យជាច្រើនបានចូលរួមប្រកួតប្រជែង។
ក្រៅពីឈ្នះពានរង្វាន់ «ការអភិវឌ្ឍន៍ចម្រុះដ៏ល្អជាងគេ» ទីក្រុងអូឡាំព្យា បានឈ្នះ ដំណែង «គម្រោងដែលត្រូវផ្តល់អនុសាសន៍ខ្ពស់» សម្រាប់ ‹‹ការរចនាស្ថាបត្យកម្មបែបលំនៅស្ថានដ៏ល្អបំផុត លំដាប់អគារកម្ពស់ទាប›› និងការកត់សម្គាល់ពិសេសសម្រាប់ទំនួលខុសត្រូវសង្គម និងការអភិវឌ្ឍន៍អគារខុនដូរដ៏ល្អបំផុត។ ក្រុមហ៊ុនអភិវឌ្ឍន៍ OCIC ក៏បានឈ្នះដំណែង អានុសាសន៍ខ្ពស់សម្រាប់អ្នកអភិវឌ្ឍន៍ដ៏ល្អបំផុតដែរ ពីកម្មវិធីពាន រង្វាន់អចលនទ្រព្យលំដាប់ខ្ពស់មួយនេះ។
បន្ទាប់ពីទទួលបានការអនុញ្ញាតសាងសង់ពីរដ្ឋាភិបាលកាលពីឆ្នាំ២០១១ ក្រុមហ៊ុនOCIC បានចាប់ផ្តើមសាងសង់គម្រោងនេះនៅក្នុងឆ្នាំ ២០១២ នឹងរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០១៨ លោក ងួន ហាន់រិទិ្ធ ប្រធានការដ្ឋាននៃទីក្រុងអូឡាំព្យាបានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យកាលពីឆ្នាំ២០១៣។
លោក ហាន់រិទិ្ធ បានពន្យល់ថា ការសាងសង់គម្រោងនេះ ត្រូវបានបែងចែកជាបីដំណាក់កាល មុននឹងបើកដំណើរការសាងសង់សណ្ឋាគារ ៥០០បន្ទប់។
នៅក្នុងដំណាក់កាលទី១ ដែលត្រូវបានសាងសង់ចាប់ពីឆ្នាំ ២០១២ ទៅឆ្នាំ ២០១៤ បានផ្តោតលើការងារគ្រឹះ និងការសាងសង់ផ្ទះអាជីវកម្ម និងអគារខុនដូរកម្ពស់ ២០ជាន់។ នៅដំណាក់កាលទី២ ចាប់ពីឆ្នាំ ២០១៤ ទៅឆ្នាំ ២០១៦ ផ្តោតលើការសាងសង់អគារកម្ពស់មធ្យមនានា និងដំណាក់កាលទីបី ចាប់ពីឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៨ នឹងផ្តោតលើការសាងសង់អគារកម្ពស់ ៦០ជាន់ និងផ្សារទំនើប។
«ប្រជាជនភាគច្រើនតែងតែឃើញទីក្រុងទំនើបៗនៅបរទេស ដូចជាប្រទេសថៃ ហើយសាធារណៈជនភាគច្រើន ស្គាល់តែការអភិវឌ្ឍន៍ប្រណិតៗ មួយចំនួនប៉ុណ្ណោះនៅភ្នំពេញ ប៉ុន្តែទីក្រុងអូឡាំព្យា នឹង បង្ហាញជូនសាធារណៈជននូវទីក្រុងដ៏ប្រណិតបំផុតផុសនៅកណ្តាលទីក្រុងភ្នំពេញដែលនៅក្បែរពួកគេ»។ លោក ហាន់រិទិ្ធ បានថ្លែងយ៉ាងដូច្នេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍ OCIC មានការរំពឹងខ្ពស់សម្រាប់គម្រោងនេះ ដោយជឿជាក់ថាវានឹងក្លាយជាទីក្រុងដ៏ប្រណិតបំផុតនៅកម្ពុជាដែលអាចប្រៀបធៀបជាមួយនឹងទីក្រុងនានានៅប្រទេសជិតខាងបាន៕