អគារពាណិជ្ជកម្ម Chief Tower បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ
The Chief Tower in the heart of Phnom Penh
ក្រុមហ៊ុន ជេអេស ប្រផឺធី អ៊ិនធើណេសិនណល ខូអិលធីឌី កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៩ បានបើកការដ្ឋានសាងសង់ គម្រោងអគារពាណិជ្ជកម្ម ឈីហ្វ ថោវវើ (Chief Tower) កំពស់ ៤០ជាន់ ជាផ្លូវការ។
“គម្រោង Chief Tower គឺសាងសង់លើផ្ទៃដី ១.២៦៥ ម៉ែត្រការ៉េ កំពស់ ៤០ជាន់ និង ៥ជាន់ក្រោមដី។ គម្រោងសាងសង់នេះគឺមានរយៈពេល ៤២ខែ ដែលចំណាយទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក។” នេះបើយោងតាម ប្រធានផ្នែកលក់របស់ក្រុមហ៊ុន ជេអេស ប្រផឺធី អ៊ិនធើណេសិនណល ខូអិលធីឌី លោក ឆឹង សុវណ្ណារ៉ូ ជាមួយនិងទស្សនាវដ្តីសំណង់និងអចលនទ្រព្យ។
លោកក៏បានបន្តផងដែរថា៖ “ អគារនេះនឹងត្រូវសាងសង់នៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលស្ថិតនៅលើផ្លូវព្រះមុនីវង្ស កែងផ្លូវ៣២២ ទល់មុខនិងអគារ ជីបម៉ុងម៉ល (Chip Mong Mall) ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២៣ ដែលអគារនេះនឹងក្លាយជាអគារដែលមានកំពស់ជាងគេក្នុងតំបន់នោះ។”
អគារពាណិជ្ជកម្មកំពស់ ១៦០ម៉ែត្រនេះ មានសមត្ថភាពអាចផ្តល់នូវសេវាកម្មពាក់ព័ន្ធផ្សេងៗ ដូចជាការធ្វើធុរកិច្ច សាលប្រជុំសម្រាប់អ្នកជំនួញធំៗ កន្លែងស្នាក់នៅ ទីតាំងធ្វើអាជីវកម្មនានា ផ្សាទំនើប ក្លឹបកំសាន្ត កន្លែងហាត់ប្រាណ ព្រមទាំងមានចំណតរថយន្តបីជាន់ក្រោមដី ដែលប្រើប្រាស់នូវបច្ចេកទេសទំនើបៗ ប្រកបដោយភាពងាយស្រួល។
គួរបញ្ជាក់ផងដែរថាគម្រោងខាងលើនេះគឺជាការចូលរួមសហការគ្នារវាងក្រុមហ៊ុនអចលនទ្រព្យ ជេអេស ប្រផឺធី អ៊ិមធើណេសិនណល (JS Property International Co Ltd) និង ឈីហ្វ រៀលអ៊ីស្ទេត ឌីវេឡុបមេន (ខេមបូឌា) លីមីធីត ដែលមានការចូលរួមសហការរវាងប្រទេសកម្ពុជាម៉ាឡេស៊ី និងហុងកុង។
ថ្លែងក្នុងពិធីនោះ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា “គម្រោងនេះនឹងចូលរួមលើកមុខមាត់ សោភ័ណភាពរបស់រាជធានីភ្នំពេញមួយកម្រិតបន្ថែមទៀត និងជាការបញ្ជាក់នូវជំនឿទុកចិត្តរបស់អ្នកវិនិយោគលើសក្ដានុពលសេដ្ឋកិច្ច និងទីផ្សារវិស័យសំណង់ អចលនទ្រព្យរបស់កម្ពុជា និងជាឆ្លើយតបនឹងស្ថានភាពតម្រូវការនៃការអភិវឌ្ឍន៍នគរូបនីយកម្មរបស់សង្គមកម្ពុជាផងដែរ”៕
- Video Advertisement -