អគាររដ្ឋបាលថ្មីនៃក្រសួងការពារជាតិ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អគារក្រសួងការពារជាតិថ្មី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែធ្នូនេះ ដែលជាថ្ងៃខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ។

ពិធីសម្ពោធនេះ ត្រូវធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ ត្រូវបានសាងសង់នៅលើទីតាំងចាស់ ដែលមានទទឹងប្រវែង ២៨ម៉ែត្រ បណ្តោយប្រវែង ១៩១ម៉ែត្រ និងកម្ពស់ ៣២ម៉ែត្រ និងមានចំណតរថយន្ត នៅជាន់ក្រោមដី១ជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿង។

សរុបផ្ទៃក្រឡាប្រើប្រាស់រួមទូទាំងអគារមាន ៣០,៩៧៩ម៉ែត្រការ៉េ ស្មើនឹង១០ដង ធំជាងទំហំអគារចាស់។

អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីនេះ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដែលតាមគម្រោងផែនការសាងសង់មានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។

ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យារកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។

អគាររដ្ឋបាល-សាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មី ត្រូវបានបញ្ចូលរចនាបទខ្មែរទៅក្នុងសោភ័ណភាពនៃសំណង់ ដូចករណីនៃការរចនារៀបចំឲ្យមាន ស្លាបឆ្វេង ស្លាបស្ដាំ និងតួកណ្តាល ដែលយកដើមជ្រៃធ្វើជាអ័ក្ស ដូចបណ្ដាសំណង់បុរាណតែងកសាងមានអ័ក្សដូច្នោះដែរ។

បើយោងតាមសម្ដេច ទៀ បាញ់ អគារថ្មីនេះ កសាងឡើងក្រោមទឹកប្រាក់ប្រមាណ ៣០ ទៅ ៤០ លានដុល្លារ ដែលជាថវិការបស់រដ្ឋ ជំនួយពីវៀតណាម ចិន និងសប្បុរសជន។

រូបភាព៖ Fresh News

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]