អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ
ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ
ការផ្សព្វផ្សាយនេះ គឺជាការដកស្រង់ចេញពីសុន្ទរកថាគន្លឹះថ្លែងដោយលោក Nicholas Cumins នាយកប្រតិបត្តិ Bentley Systems ក្នុងឱកាសបើកសន្និសីទ 2024 Year in Infrastructure។
ហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ នៅជុំវិញពិភពលោក តម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងប្រសើរជាងមុន កាន់តែមានតម្រូវការកើនឡើង – ថាតើដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងនេះ យើងត្រូវការពង្រីកបណ្តាញថាមពល ធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូន ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ។ ទាំងនេះគឺជាកិច្ចការដ៏មហិមាដែលទាមទារការវិនិយោគរាប់ពាន់លានដុល្លារ និងការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍តទៅមុខទៀត។
លោក Nicholas Cumins នាយកប្រតិបត្តិក្រុមហ៊ុន Bentley បានថ្លែងសុន្ទរកថាស្វាគមន៍នៅឯសន្និសីទ Year in Infrastructure 2024 “អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺបើកចំហ”។
ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ពេលនេះយើងមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងនេះដែរ។ បន្ទុកការងារកំពុងតែកើនឡើង ហើយគម្រោងក៏បន្តកើនឡើងថ្មីៗដែរ។ កង្វះវិស្វករជំនាញ និងអ្នកជំនាញបច្ចេកទេសកំពុងពង្រីកគម្លាតរវាងអ្វីដែលត្រូវការ និងអ្វីដែលអាចផ្តល់ឱ្យជាក់ស្តែង។
ខណៈពេលដែលយើងខ្វះខាតកម្លាំងវិស្វករ តែយើងមិនមានការខ្វះខាតទិន្នន័យទេ នេះជាភាពខុសគ្នាធំបំផុតនៃឧស្សាហកម្មរបស់យើង។ យើងមានទិន្នន័យច្រើនណាស់ ប៉ុន្តែបើធៀបនឹងការយល់ដឹងនៅមានកម្រិត។ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានប្រមូលទិន្នន័យក្នុងទំហំជីហ្គាបៃជារៀងរាល់ថ្ងៃ – មិនថាពីឧបករណ៍ចាប់សញ្ញានៅលើស្ពាន បណ្តាញឧបករណ៍ប្រើប្រាស់ ឬប្រព័ន្ធផ្សេងទៀតនោះទេ។ ប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះនៃទិន្នន័យត្រូវបានយកមកវិភាគ។ អ្នកខ្លះនិយាយថា 10% នៃទិន្នន័យដែលប្រមូលបានត្រូវបានប្រើប្រាស់សម្រាប់ការវិភាគ ហើយអ្នកផ្សេងទៀតនិយាយថា ទិន្នន័យនេះមិនច្រើននោះទេ។
នៅពេលដែលយើងឈានឆ្ពោះទៅរកប្រតិបត្តិការទ្រព្យសម្បតិ្តនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប និងការយល់ដឹងដែលជំរុញដោយ AI នោះរឿងមួយដែលយើងនឹកស្មានមិនដល់បានក្លាយទៅជាច្បាស់លាស់៖ ដើម្បីទាញយកសក្តានុពលពេញលេញនៃការច្នៃប្រឌិតទាំងនេះ យើងត្រូវភ្ជាប់ពួកវាទៅនឹងប្រព័ន្ធអេកូទិន្នន័យដ៏ទូលំទូលាយមួយ។
ទិន្នន័យបើកចំហ គឺមានសារៈសំខាន់ណាស់សម្រាប់វដ្តជីវិតដ៏យូរវែងនៃហេដ្ឋារចនាសម្ព័ន្ធ។ ផ្លូវថ្នល់ ស្ពាន ឬទំនប់វារីអគ្គិសនីមួយអាចដំណើរការបានរយៈពេល 50 ឆ្នាំ ឬច្រើនជាងនេះ ដោយសារការថែទាំ ជួសជុល កែលម្អ និងការសាងសង់បន្ថែម។ ក្នុងអំឡុងពេលនេះ កម្មវិធី និងវេទិកាដែលប្រើដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិទាំងនេះនឹងវិវឌ្ឍន៍។ ដោយធានាថាប្រព័ន្ធរបស់យើងនៅតែបើកចំហទិន្នន័យ យើងអនុញ្ញាតឱ្យអង្គភាពផ្សេងទទួលយកបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗពីយើង ខណៈពេលដែលគេនៅតែអាចចូលប្រើ និងបង្កើតទិន្នន័យប្រវត្តិសាស្ត្របាន។
ប៉ុន្តែការបើកចំហទិន្នន័យមិនមែនគ្រាន់តែជាការតភ្ជាប់នឹងកម្មវិធីផ្សេងៗនោះទេ – វាជាការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំទិន្នន័យ ដូច្នេះវាអាចត្រូវបានសួរ វិភាគ និងប្រើឡើងវិញនៅលើវេទិកាជាច្រើន។ នេះគឺជាកន្លែងដែលគ្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ Bentley Systems មានវត្តមាន។ ក្នុងរយៈពេល 10 ឆ្នាំកន្លងមកនេះ យើងបានបង្កើតគ្រោងការណ៍ប្រភពបើកចំហដ៏រឹងមាំ ជាពិសេសសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។ វាជាក្របខណ្ឌដែលមានភាពចាស់ទុំ និងត្រូវបានបង្ហាញឱ្យឃើញដែលហួសពីការផ្លាស់ប្តូរទិន្នន័យមូលដ្ឋាន។ គ្រោងការណ៍របស់យើងធានាបាននូវទិន្នន័យមិនត្រឹមតែអាចចូលប្រើបានប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចយល់អត្ថន័យបានផងដែរ។ មិនថាទាក់ទងនឹងសម្ភារៈ រចនាសម្ព័ន្ធ ឬទិន្នន័យផ្ទៃខាងលើនោះទេ គ្រោងការណ៍នេះបានរៀបចំព័ត៌មានតាមរបៀបដែលអាចឱ្យវិស្វករ អ្នកសាងសង់ និងអង្គការប្រើប្រាស់ឡើងវិញ និងប្រើប្រាស់បានពេញលេញនូវតម្លៃនៃទិន្នន័យរបស់ពួកគេ។
ដោយធានាថាទិន្នន័យស្របទៅនឹងគ្រោងការណ៍ទូទៅមួយ យើងកំពុងអនុញ្ញាតឱ្យក្រុមវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធធ្វើការរួមគ្នាកាន់តែប្រសើរឡើង ដើម្បីធ្វើការសម្រេចចិត្តជាមួយមានព័ត៌មានប្រសើរជាងមុន។ ការបើកចំហនឹងជំរុញហេដ្ឋារចនាសម្ព័ន្ធទៅមុខយ៉ាងឆាប់រហ័ស។
ឧទាហរណ៍ដ៏ល្អឥតខ្ចោះមួយនៃរបៀបដែលយើងកំពុងពង្រីកព្រំដែននៃភាពបើកចំហ គឺភាពជាដៃគូរបស់យើងជាមួយ Google ជាដៃគូផ្អែកលើចក្ខុវិស័យរួមគ្នានៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។ តាមរយៈការរួមបញ្ចូលទិន្នន័យភូមិសាស្ត្ររបស់ Google ទៅក្នុងកម្មវិធី និងវេទិការបស់ Bentley វាបានបង្កើនសមត្ថភាពរបស់យើងដល់កម្រិតថ្មីមួយទៀត។ ទំហំដ៏ធំនៃទិន្នន័យភូមិសាស្ត្ររបស់ Google គឺមិនអាចប្រៀបផ្ទឹមបាន។ នៅពេលដែលទិន្នន័យនេះត្រូវបានបញ្ចូលគ្នាជាមួយនឹងជំនាញវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធរបស់ Bentley លទ្ធផលគឺប្រព័ន្ធអេកូឡូស៊ីដែលទិន្នន័យអាចដំណើរបានយ៉ាងរលូន ដោយផ្តល់ឱ្យអ្នកប្រើប្រាស់នូវការយល់ដឹងអំពីភូមិសាស្ត្រដ៏ទូលំទូលាយបំផុត និងអាចដំណើរការបាន។
សាកល្បងពិចារណាលើគម្រោងអភិវឌ្ឍន៍ទីក្រុងដ៏ធំមួយ ដែលប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ ស្ពាន បណ្តាញថាមពល និងបណ្តាញទឹក ត្រូវតែមានការសម្របសម្រួលពីភាគីពាក់ព័ន្ធផ្សេងៗ។ តាមរយៈការរួមបញ្ចូលទិន្នន័យភូមិសាស្ត្រ 3D ដ៏ធំរបស់ Google ជាមួយនឹងបច្ចេកវិទ្យា Cesium របស់ Bentley និងវេទិកា iTwin អ្នកពាក់ព័ន្ធអាចស្រមៃមើលទ្រព្យសម្បត្តិរបស់ពួកគេ (ទាំងដែលមានស្រាប់ និងការគ្រោងទុក) នៅក្នុងបរិបទពិភពពិតដែលបង្ហាញក្នុងកម្មវិធីសូហ្វវែរ។ សមាហរណកម្មនេះអនុញ្ញាតឱ្យក្រុមការងារធ្វើការសម្រេចចិត្តជាមួយ ព័ត៌មានប្រសើរជាងមុនអំពីអ្វីៗគ្រប់យ៉ាងចាប់ចេញពី ការរចនា រហូតដល់ប្រតិបត្តិការ និង ពីការកែលម្អលទ្ធផលគម្រោង ដល់ការកាត់បន្ថយហានិភ័យ។
ភាពជាដៃគូរបស់យើងជាមួយ Google ឆ្លុះបញ្ចាំងពីការពិតនៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធ៖ ជាការពិតគឺថាគ្មានអ្នកផ្គត់ផ្គង់ណាម្នាក់អាចដោះស្រាយភាពស្មុគស្មាញនៃបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះតែម្នាក់ឯងបាននោះទេ។ ដោយការនាំយកនូវអ្វីដែលល្អបំផុតនៃពិភពលោករបស់ដៃគូទាំងពីរ — ទិន្នន័យភូមិសាស្ត្រដែលមិនអាចផ្គូផ្គងបានរបស់ Google និងកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេក្នុងឧស្សាហកម្មរបស់ Bentley បានញ៉ាំងឱ្យយើងកំពុងបង្កើតប្រព័ន្ធអេកូបើកចំហមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅប្រើឧបករណ៍ ទិន្នន័យ និងការយល់ដឹងដែលពួកគេត្រូវការ។ នេះជាអ្វីដែលយើងកំពុងបង្ហាញសក្តានុពលនៃទិន្នន័យភូមិសាស្ត្រ 3D សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ។
អនាគតនៃវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធគឺបើកចំហ។ វាមានភាពបត់បែន សហការគ្នា និងបង្កើតឡើងនៅលើមូលដ្ឋាននៃទិន្នន័យដែលអាចចែករំលែកដោយសុវត្ថិភាព។ ហើយនៅ Bentley យើងកំពុងឈានមុខគេ – ធានាថាកម្មវិធី វេទិកា និងដំណោះស្រាយដែលយើងបង្កើតឆ្លើយតបនឹងតម្រូវការវិវត្តនៃឧស្សាហកម្មរបស់យើង។
- Video Advertisement -