អភិបាលខេត្តត្បូងឃ្មុំផ្តួចផ្តើមអភិរក្សព្រៃលិចទឹកជាង ៨០០០ ហិកតា ទុកធ្វើកន្លែងអេកូទេសចរណ៍

រដ្ឋបាលខេត្តត្បូងឃ្មុំ មានទិសដៅដាក់តំបន់ព្រៃលិចទឹកចំនួនជាង ៨០០០ ពាន់ ហិកតា ជាតំបន់អភិរក្សព្រៃលិចទឹក សម្រាប់បម្រើវិស័យអេកូទេសចរណ៍។ ​នេះតាមការបញ្ជាក់របស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ ក្នុងសន្នីសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២០។

ឯកឧត្តមអភិបាល បានឱ្យដឹងថា «…បើមានព្រៃលិចទឹក គឺមានត្រីពងកូន។ ក្រៅពីនោះអាចទាក់ទាញសត្វស្លាបផ្សេងៗទៀត អាចរស់នៅក្នុងជម្រកនោះបាន ហើយបងប្អូនក្នុងសហគមន៍របស់យើងរស់នៅក្នុងស្រុកក្រូចឆ្មារ ក៏ដូចជារស់នៅក្នុងខេត្តត្បូងឃ្មុំទាំងមូលនោះ ក៏អាចទាញអត្ថប្រយោជន៍ពីព្រៃលិចទឹកបាន ដោយសារអី? គឺដោយសារទេសចរណ៍ធម្មជាតិ។

ការអភិរក្សនេះចែកចេញជា ០៣ តំបន់ ដែលក្នុងនោះពីរតំបន់ គឺស្ថិតនៅក្នុងស្រុកក្រូចឆ្មារ ដែលលាតសន្ធឹងលើផ្ទៃចំនួន ១២ ឃុំ។

ក្រៅពីគម្រោងតំបន់អភិរក្សព្រៃលិចនៅស្រុកក្រូចឆ្មារ ឯកឧត្តមអភិបាល បានឱ្យដឹងបន្ថែមថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏នឹងរៀបចំអភិរក្សនៅតំបន់កាដេលើផ្ទៃដីសរុបប្រមាណជាង ១០០០ ហិកតា​ និងតំបន់ព្រៃលិចទឹក នៅវត្តខ្មួងផងដែរ។

ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាននេះ ក្រសួងបរិស្ថាន បានប្រគល់ដីចំនួន ១០ ហិកតា ដែលជាតំបន់ប្រើប្រាស់ពហុបំណង នៅក្នុងស្រុកពញាក្រែក សម្រាប់យកជាកន្លែងចាក់សំរាម របស់ខេត្តត្បូងឃ្មុំ៕

(អានបន្ថែម)

- Video Advertisement -