អាជ្ញាធរក្រុងប៉ោយប៉ែតបញ្ជាឱ្យម្ចាស់ដីទាំងអស់សុំច្បាប់អនុញ្ញាតមុននឹងចាក់ដី ទោះក្នុងព្រំដីខ្លួនក្ដី
រដ្ឋបាលក្រុងប៉ោយប៉ែត ប្រកាសឱ្យម្ចាស់ដី និងម្ចាស់សំណង់ទាំងអស់ក្នុងក្រុង ត្រូវមកសុំច្បាប់អនុញ្ញាតជាមុនសិន ឱ្យបានមុន១៥ ថ្ងៃ មុននឹងចាក់បំពេញអាចម៍ដី បើមិនដូច្នោះចាត់ទុកថាខុសច្បាប់ ហើយនឹងត្រូវពិន័យ។
បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋបាលក្រុងប៉ោយប៉ែត គោលការណ៍នេះ គឺដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ច អាចចុះពិនិត្យដល់ទីតាំងជាក់ស្តែង ហើយធានាថាការចាក់ដីមិនប៉ះពាល់ដល់ទីសាធារណៈ។
ការប្រកាសនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលក្រុងសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានចាក់បំពេញអាចម៍ដីលើដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋ ដែលបង្កនូវទំនាស់ដីធ្លី ការកកស្ទះប្រព័ន្ធរំដោះទឹក និងដីចំណីផ្លូវសាធារណៈ។
ចំពោះប្រជាពលរដ្ឋដែលចង់សុំច្បាប់អនុញ្ញាត អាចធ្វើបាននៅការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង។
គួរបញ្ជាក់ថា រដ្ឋបាលក្រុង នឹងចុះបង្ក្រាបសកម្មភាពចាក់ដីខុសច្បាប់ឆាប់ៗនេះ ដូច្នេះចំពោះការចាក់បំពេញអាចម៍ដីដោយគ្មានការអនុញ្ញាត ប្រជាពលរដ្ឋនឹងត្រូវទទួលខុសចំពោះមុខច្បាប់ជាធរមាន។