អាជ្ញាធរខេត្តកណ្ដាលចុះបង្ក្រាប និងបិទអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនខុសច្បាប់
អាជ្ញាធរខេត្តកណ្តាល កាលពីថ្មីៗនេះ សម្រេចបិទអាជីវកម្មជីកដី និងខ្សាច់ ៣កន្លែង ស្ថិតនៅស្រុកកណ្តាលស្ទឹង ដែលគ្មានច្បាប់អនុញ្ញាតជីក មិនបានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ ចំពោះរឿងនេះអាជ្ញាធរនឹងបន្ដចុះបង្ក្រាបសកម្មភាពខុសច្បាប់ទាំងនេះបន្តទៀត។
កិច្ចបិទអាជីវកម្មទាំងនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អំឡុងពេលដែលឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាលដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យអាជីវកម្មជីកដី ខ្សាច់ និងការដឹកជញ្ជូនដី។
អាជីវកម្មទាំង៣ ដែលត្រូវបានបិទ រួមមាន អាជីវកម្មទី១ ដែលធ្វើសកម្មភាពខុសបច្ចេកទេសដែលច្បាប់បានកំណត់ និងកៀកដងផ្លូវ ស្ថិតនៅភូមិត្រស់ ឃុំទ្រា។ ដោយឡែក អាជីវកម្ម ២ កន្លែងទៀត ស្ថិតនៅភូមិថ្មី និងភូមិក្រាំងតី នៃឃុំថ្មី ដែលជីកលើសដែនអាជ្ញាបណ្ណ ហើយពុំមានបង់សួយសារ៉ែ និងធ្វើសកម្មភាពខុសបច្ចេកទេសច្បាប់កំណត់ ។
បើយោងតាមឯកឧត្តម ក្រុមការងារនឹងបន្តចុះពិនិត្យតាមការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាដែលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។