អាជ្ញាធរខេត្តកោះកុងដកហូតដីកាន់កាប់ខុសច្បាប់ ១០២ ហិកតា មកជាទ្រព្យសម្បត្តិរដ្ឋវិញ
រដ្ឋបាលខេត្តកោះកុង បានសម្រេចដកហូតដីចំនួន១០២ ហិកតា នៅក្នុងភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ពីការកាន់កាប់ខុសច្បាប់របស់ប្រជាពលរដ្ឋ មកដាក់ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋវិញ។ នេះបើតាមសេចក្តីសម្រេចលេខ០០៥/២២ ស.ស.រ ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២។
ការសម្រេចដកហូតនេះ ក៏បានទុកជាមោឃៈ នូវរាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីមិនស្របច្បាប់ នៃដីស្ថិតក្នុងទីតាំងបានដកហូតនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ អភិបាលខេត្តកោះកុង ក៏បានបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់ និងទុកជាមោឃៈលើឯកសារដីធ្លីមួយចំនួន ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។
ឯកសារទាំងនោះមានដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ជាដើម។ (អានបន្ថែម)

