អាជ្ញាធរខេត្តឧត្តរមានជ័យបញ្ជាឱ្យរុះរើសំណង់រំលោភដីរដ្ឋជាបន្ទាន់ ឬត្រូវប៉ះនឹងវិធានការក្ដៅ

រដ្ឋបាលក្រុងសំរោងនៃខេត្តឧត្តរមានជ័យ បានដាក់ឱសាន្តវាទរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី ២៦ តុលា ២០២១ នេះតទៅ ឱ្យម្ចាស់សំណង់រំលោភលើដីចំណីផ្លូវនានាក្នុងសង្កាត់បន្សាយរាក់ និងសង្កាត់សំរោង ត្រូវប្រញាប់រុះរើ បើមិនដូច្នេះនឹងត្រូវពិន័យធម៌ក្ដៅដោយមិនលើកលែងឡើយ។

ការកំណត់ឱសាន្តវាទនេះ ធ្វើឡើងក្រោយពេលក្រុមការងារបានសង្កេតឃើញថា ម្ចាស់ដីមួយចំនួនក្នុងសង្កាត់ខាងលើ បានសាងសង់រោង តូប សំយ៉ាប ដែលបានរំលោភមកលើដីចំណីផ្លូវសាធារណៈ។

មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ដីខ្លះទៀត បានចាក់ដីលុបលើប្រឡាយផ្លូវទឹក និងដាក់លូ មិនត្រឹមត្រូវស្របតាមបច្ចេកទេស ដែលបង្កឱ្យមានការកកស្ទះប្រព័ន្ធផ្លូវទឹក និងប៉ះពាល់សោភ័ណភាពទីក្រុង។

ដូច្នេះ រដ្ឋបាលក្រុងបានបញ្ជាឱ្យម្ចាស់ដីទាំងអស់ត្រូវរុះរើសំណង់ខុសច្បាប់ទាំងនេះ ព្រមទាំងជីកកាយស្តារផ្លូវទឹកឡើងវិញផងដែរ។

ក្រោយថ្ងៃកំណត់រយៈ១០ថ្ងៃ រដ្ឋបាលក្រុងសំរោង នឹងចុះអនុវត្តធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតចំពោះសំណង់ដែលរំលោភដីចំណីផ្លូវសាធារណៈ ហើយម្ចាស់កម្មសិទ្ធិទាំងនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

- Video Advertisement -