អាជ្ញាធរសៀមរាបគ្រោងសង់កន្លែងស្នាក់សមរម្យឱ្យជនអនាថានិងអ្នកសុំទាននៅតំបន់ភ្នំចង្រ្កានរយ
អាជ្ញាធរខេត្តសៀមរាប គ្រោងនឹងប្រមូលជនអនាថា និងអ្នកសុំទាននៅក្នុងក្រុងសៀមរាបទាំងអស់ យកទៅរស់នៅក្នុងតំបន់ភ្នំចង្រ្កានរយ នៃស្រុកវ៉ារិន ខណៈបច្ចុប្បន្នអាជ្ញាធរ និងភាគីពាក់ព័ន្ធ កំពុងត្រៀមសង់កន្លែងស្នាក់សមរម្យ ព្រមនឹងហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមជីវិតសម្រាប់ពួកគាត់។
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងសហគមន៍ព្រៃឈើចង្ក្រានរយ កាលពីម្សិលមិញថា៖ «យើងនឹងសង់កន្លែងស្នាក់នៅឱ្យពួកគាត់ រៀបចំប្រព័ន្ធទឹកសម្រាប់ពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន»។
«ប៉ុន្តែយើងមិនមែនចែកដីឱ្យពួកគាត់ទេ តែពួកគាត់អាចរស់នៅទីនោះបាន ដោយអាចសហការជាមួយសហគមន៍ រកចំណូលពីការដាំបន្លែ និងចិញ្ចឹមសត្វ នៅទីនេះ» ។
លោកបន្តថា ពួកគាត់នឹងមានជីវភាពសមរម្យនៅទីនោះ ព្រោះចប់កូវីដ-១៩ តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ នឹងមានអ្នកទេសចរមកកម្សាន្តច្រើន ខណៈពេលនេះអាជ្ញាធរក៏កំពុងរៀបចំជាប្រព័ន្ធផ្លូវតភ្ជាប់ទៅទីនោះផងដែរ។
ជាក់ស្ដែង ការរៀបចំទីតាំងសម្រាប់ជនអនាថា និង អ្នកសុំទាន នេះគឺជាជំហានមួយក្នុងការរៀបចំទីក្រុងក៏ឆ្លាតវៃ ពិសេសគឺស្របនឹងគោលដៅរបស់រដ្ឋក្នុងការអភិវឌ្ឍខេត្តសៀមរាបជាទីក្រុងឆ្លាតវៃ និងតំបន់ទេសចរណ៍លំដាន់អន្តរជាតិ។ (អានបន្ថែម)
គួរបញ្ជាក់ថា សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រានរយនេះ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានផ្ទៃដីទំហំ៩ ១០៤ហិកតា បានបង្កើតឡើងកាលពីឆ្នាំ២០១០។