អាមេរិកគ្រោងវិនិយោគ ១,៥ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតក្នុងលោកនៅទីក្រុងហូជីមិញ

បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃឌិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម សេតវិមានបានប្រកាសភាពជាដៃគូក្នុងការវិនិយោគសាងសង់ទីតាំងផលិតបន្ទះឈីប ( semiconductor) ធំបំផុតក្នុងលោក ក្នុងគោលបំណងបង្កើនសក្តានុពលរបស់វៀតណាមក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន White House ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា “សហរដ្ឋអាមេរិកទទួលស្គាល់សក្តានុពលរបស់វៀតណាមក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ប្រកបដោយភាពធន់ ជាពិសេសដើម្បីពង្រីកសមត្ថភាពក្នុងភាពជាដៃគូដែលអាចទុកចិត្តបាន…” ។

ថ្មីៗនេះ ឧស្សាហកម្មបន្ទះឈីប semiconductor បានក្លាយជាចំណុចស្នូលនៅក្នុងទំនាក់ទំនងនិងទំនាស់ផលប្រយោជន៍ដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសទាំងពីរបានខិតខំពង្រឹងសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យដ៏សំខាន់នេះ។ ការត្រួតពិនិត្យការនាំចេញផលិតផលបន្ទះឈីប ដែលទាមទារការដាក់កំណត់គោលដៅនិងកំណត់កូតាទៅលើសមត្ថភាព semiconductor របស់គ្នាទៅវិញទៅមក បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាយក្សទាំងពីរ។

ដោយទទួលស្គាល់តម្រូវការសម្រាប់ដៃគូដែលអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductor សហរដ្ឋអាមេរិកកំពុងងាកទៅរកវៀតណាមជាដៃគូវិញ។ យោងតាមលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោកថា វៀតណាមមានជំហរល្អក្នុងការបំពេញតម្រូវការនេះ។ លោក​បាន​ប្រមើល​មើលពី​ការ​បង្កើន​ល្បឿន​ក្នុង​កិច្ច​សហប្រតិបត្តិការ​បច្ចេកវិជ្ជា ដោយ​បានលើកឡើង​ថា “តួនាទីវៀតណាម​ក្នុង​ខ្សែច្រវាក់​ផ្គត់ផ្គង់បន្ទះឈីប(សម្រាប់បំពេញតម្រូវការទីផ្សារពិភពលោក) ​នឹងកាន់តែមានថាមភាព​កើនឡើងជាងនេះ”។

ជាលទ្ធផលជាក់ស្តែង ភ្លាមៗបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោកបៃឌិននៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានសន្យាថានឹងវិនិយោគទឹកប្រាក់យ៉ាងច្រើនចំនួន ១,៥ ពាន់លានដុល្លារដើម្បីបង្កើតកម្មន្តសាលផលិតបន្ទះឈីបរបស់ខ្លួនដែលមានទីតាំងនៅខាងក្រៅទីក្រុងហូជីមិញ។ រោងចក្រនេះត្រូវបានគេគ្រោងនឹងក្លាយទៅជាកន្លែងដំឡើងនិងសាកល្បងបន្ទះឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុន Intel នៅទូទាំងពិភពលោក។

នៅពេលដែលទីក្រុងវ៉ាស៊ីនតោនពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងហាណូយ អ្នកជំនាញរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យបច្ចេកវិទ្យា។ ខណៈនិន្នាការសកលកំពុងអំណោយផលបែបនេះ គេមើលឃើញថា វៀតណាមហាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតួនាទីជាអ្នកផ្គត់ផ្គង់ថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិជ្ជាសកលនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]