អាមេរិក កំពុងពិចារណាជ្រើសចំនុចឣាទិភាពដើម្បីវិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា
ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក(DOT) កំពុងពិចារណាជ្រើសរើសចំនុចឣាទិភាពសម្រាប់វិនិយោគគម្រោងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នអាមេរិកកំពុងពិភាក្សាការងារជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីស្វែងយល់ពីវិស័យនេះផងដែរ។ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយកាលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២។
លោកJiga Phat មន្រ្តីវិភាគបច្ចេកវិទ្យាគោលនយបាយប្រព័ន្ធដឹកជញ្ជូននៃការិយាល័យដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្មនៃក្រសួងដឹកជញ្ជូនអាមេរិក បានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការខាងបច្ចេកទេសលើវិស័យដឹកជញ្ជូន រវាងក្រសួងសាធារណការកម្ពុជា និងនាយកដ្ឋានដឹកជញ្ជូនសហរដ្ឋអាមេរិក។
លោកJiga Phat បន្តថា DOT នឹងធ្វើការពិនិត្យពិចារណាបន្ថែមទៅលើចំណុចជាអាទិភាពសម្រាប់ ប្រភេទដឹកជញ្ជូនផ្សេងៗដូចជា៖ ផ្លូវថ្នល់ ផ្លូវអាកាស ផ្លូវសមុទ្រ។ល។ សម្រាប់ការងារជំហានបន្ទាប់ លោកថា DOTនឹងធ្វើការងារផ្ទៃក្នុង និងបន្តជជែកជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ជ្រើសរើសចំនុចអាទិភាពដែលសំខាន់បំផុតចំនួនពីរ ឬបីយ៉ាងច្រើន ដើម្បីអនុវត្តន៍គម្រោងវិនិយោគលើវិស័យដឹកជញ្ជូននៅកម្ពុជា។
ជាការឆ្លើយតប លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើសុំឱ្យក្រសួងដឹកជញ្ជូនអាមេរិក មានគម្រូទម្រង់កិច្ចសហប្រតិបត្តិការ សម្រាប់កំណត់ ជាចំនុចអាទិភាពគន្លឹះសម្រាប់កម្ពុជាផងដែរ។
គួរបញ្ជាក់ដែរ តាមរយៈកិច្ចពិភាក្សាខាងលើ ក្រសួងដឹកជញ្ជូនអាមេរិក ក៏បានធ្វើបទបង្ហាញដល់កម្ពុជា ពីរបៀបធ្វើផែនការ ការគូសរចនាប្លង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ(ផែនការហិរញ្ញវត្ថុ ប្រតិបត្តិការថែទាំ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោង) ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព (យានយន្តបំភាយឧស្ម័នសូន្យហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់អាចទទួលបាន និងប៉ះពាល់តិចតួច) ការតភ្ជាប់ពហុប្រភេទដឹកជញ្ជូន (មជ្ឈមណ្ឌលភស្តុភារកម្ម ) និងការជំរុញបច្ចេកវិទ្យាលើវិស័យដឹកជញ្ជូនជាដើម៕
- Video Advertisement -