អឺរ៉ុបបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ដើម្បីស្ដារវិស័យអាទិភាពមួយចំនួននៅកម្ពុជា

សហគមន៍អឺរ៉ុបសម្រេចបង្វែរហិរញ្ញប្បទានឥតសំណង ៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួនដើម្បីស្តារសម្បទាសេដ្ឋកិច្ច-សង្គមអាទិភាពមួយចំនួននៅកម្ពុជា ដែលរងការប៉ះពាល់ពីវិបត្តិកូវីដ១៩។

នៅក្នុងកិច្ចប្រជុំតាមរយៈ Video Conference រវាង លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងបញ្ហាវិបត្តិនៃជំងឺកូវីដ ១៩ នេះ និងបានថ្លែងបញ្ជាក់អំពីជំហរគាំទ្រយ៉ាងពេញទំហឹងរបស់សហភាពអឺរ៉ុប ក្នុងការចូលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារសម្បទាសេដ្ឋកិច្ច-សង្គម ដែលរងផលប៉ះពាល់ពីនៃជំងឺវិបត្តិនៃជំងឺកូវីដ១៩នេះ។

លោកស្រីបានឱ្យដឹងថា ក្នុងស្មារតីចូលរួមគាំពារសង្គមកម្ពុជានេះ សហភាពអឺរ៉ុប សម្រេចបង្វែរហិរញ្ញប្បទានឥតសំណង៥៦លានអឺរ៉ូ ពីកម្មវិធីកំពុងដំណើរការមួយចំនួន សម្រាប់យកមកហិរញ្ញប្បទានលើវិស័យគាំពារសង្គមដែលជាការងារអាទិភាព និងបន្ទាន់របស់រដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសហភាពអឺរ៉ុបក្នុងកិច្ចសហការដ៏ល្អប្រសើរកន្លងមក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងកាលៈទេសៈបច្ចុប្បន្នដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈម និងប្រយុទ្ធដោះស្រាយ ចំពោះវិបត្ដិសាកលដោយសារជំងឺកូវីដ ១៩ (COVID-19) ។

សូមបញ្ជាក់ថា វិធានការស្ដារសេដ្ឋកិច្ច-សង្គមពីផលប៉ះពាល់នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារចំនួន០៤។ វិធានការនេះ សំដៅធានាគ្រប់គ្រងទាំងការរៀបចំគោលនយោបាយថវិកា និងធានាសកម្មភាពអនុវត្តតាមយន្តការជំនួយសង្គម ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងនោះរាប់បញ្ចូលទាំង ការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ ចំពោះកិច្ចសិក្សារៀបចំដាក់ចេញនូវកញ្ចប់វិធានការខាងរូបិយវត្ថុ និងធនាគារ ដើម្បីគ្រប់គ្រងនិងដោះស្រាយផលប៉ះពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធលើមុខទំនិញមួយចំនួន ក្នុងក្របខណ្ឌ «ទំនិញគ្រប់យ៉ាងលើកលែងតែសព្វាវុធ (EBA)» ផងដែរ។

យោងតាមភ្នាក់ងារអចលនទ្រព្យ CBRE ក្រោយពីការដកសិទ្ធិពាណិជ្ជកម្ម EBA វិស័យអចលនទ្រព្យកម្ពុជា ពិសេស តម្លៃជួលដីសម្រាប់សាងសង់រោងចក្រ ទីផ្សារលក់រាយ និងកម្ចីទិញអចលនទ្រព្យប្រភេទលំនៅឋាននឹងស្ថិតក្នុងហានិភ័យខ្ពស់។ បញ្ហានេះ អាចនឹងរឹតតែធ្ងន់ធ្ងរថែមទៀត ចាប់ពីត្រីមាសទី២ តទៅ បើការរាតត្បាតនៃកូវីដឥ១៩នៅតែបន្ត។

គួរបញ្ចាក់ផងដែរថា ថ្មីៗនេះ រាជរដ្ឋាភិបាលប្រកាសកញ្ចប់ថវិកា២ប៊ីលានដុល្លារ ដែលមានធនាគារកណ្តាលសម្រាប់សម្រួលលំហូរសាច់ប្រាក់សម្រាប់វិស័យធនាគារយកទៅប្រើប្រាស់ ដើម្បីជាផ្នែកមួយនៃវិធានការដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]