អឺរ៉ុបប្រកាសជួយកម្ពុជា ១៣លានដុល្លារ បន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣
សហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ (១២ លានអឺរ៉ូ) ដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣។
ជំនួយឥតសំណងនេះ ត្រូវបានប្រកាសដោយ លោកជំទាវ ជូតា អេភើលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ រួមដំណើរជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលអញ្ញើញបំពេញទស្សនកិច្ចនៅរោងចក្រផលិតទឹកស្អាតបាក់ខែង នៅថ្ងៃទី១៣ ខែមីនា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
លោកជំទាវ ជូតា អេភើលឡៃនីន បានបញ្ជាក់ថា ជាមួយនឹងការអនុវត្តប្រកបដោយជោគជ័យនៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និងដំណាក់កាលទី២ សហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀត។
លោកជំទាវ បន្តទៀតថា៖ “តាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ ខ្ញុំមានមោទនភាពក្នុងការប្រកាសការសន្យាផ្តល់ជំនួយឥតសំណងចំនួន ១៣លានដុល្លារ (ស្មើនឹង ១២លានអឺរ៉ូ) ដើម្បីគំាទ្រដល់គម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដោយសហការជាមួយដៃគូអឺរ៉ុបរបស់យើង គឺទីភ្នាក់ងារអភិវឌ្ឍន៌បារាំង (AFD)។”
រោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់កាលទី២ ដែលមានសមត្ថិភាពផលិតទឺកស្អាតបាន ចំនួន ៣៩០.០០០ មែត្រគីបក្នុង១ថ្ងៃ គឺជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលធានាបាននូវការផលិតទឹកស្អាតដល់ប្រជាពលរដ្ឋរាប់លាននាក់។
គម្រោងនេះក៏បានរួមចំណែកដល់ការតភ្ជាប់បណ្តាញទឹកស្អាតថ្មីដល់ប្រជាពលរដ្ឋប្រមាណ ១៧០,០០០ តំណ រួមទាំងប្រជាពលរដ្ឋក្រីក្រ និងរោងចក្រសហគ្រាសប្រមាណជា ២៥.០០០ តំណផងដែរ។
គម្រោងបាក់ខែងដំណាក់កាលទី៣ គឺជាគម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ដែលជាការបោះជំហានទៅមុខមួយជំហ៊ានទៀត ដើម្បីឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ពន្ធ័ទឹកស្អាតប្រកដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។
ឯកឧត្តម ហែម វណ្ណឌី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធចំពោះការបន្តគាំទ្រដ៏ខ្ជាប់ខ្ជួនក្នុងការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។
ឯកឧត្តមបញ្ជាក់ថា៖ “រោងចក្រផលិតទឹកស្អាតបាក់ខែងគឺជាសក្ខីភាពមួយនៃការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលចាំបាច់សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍរបស់កម្ពុជា”។


- Video Advertisement -