អ្នកជំនាញអចលនទ្រព្យផ្តល់ការវាយតម្លៃជាវិជ្ជមានចំពោះហាងលក់ទំនិញរាយតាមផ្សារទំនើប
ដោយសារតែអ្នកមានចំណូលមធ្យមក្នុងប្រទេសកម្ពុជាមានការកើនឡើងខ្លាំង ទើបធ្វើអោយវិស័យហាងលក់ទំនិញរាយ (retail sector) មានការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលក្នុងនោះហាងលក់ទំនិញរាយក្នុងផ្សារទំនើបក៏បានកើនឡើងយ៉ាងគួរឱ្យកត់សម្គាល់ផងដែរ។
កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១៨ ទស្សនាវដ្តីសំណង់និងអចលនទ្រព្យបានជួបពិភាក្សាជាមួយលោក
Simon Griffiths នាយកចាត់ការទូទៅរបស់ក្រុមហ៊ុនផ្តល់សេវាកម្មហាងលក់ទំនិញរាយ Urban Asset Solutions (UAS) ដើម្បីយល់ដឹងពីទីផ្សារនិងវឌ្ឍនភាពនៃវិស័យមួយនេះជាពិសេសការផ្គត់ផ្គង់ហាងលក់ទំនិញរាយក្នុងផ្សារទំនើប។
យោងតាមប្រសាសន៍របស់លោក Simon Griffiths ចំនួនអ្នកលក់រាយនៅក្នុងផ្សារទំនើបកំពុងតែកើនឡើងយ៉ាងឆាប់រហ័សដោយសារតែមានវត្តមាននៃម៉ាកយីហោអន្តរជាតិជាច្រើនបានចូលក្នុងទីផ្សារកម្ពុជាទាំងផ្នែកម្ហូបអាហារ សម្លៀកបំពាក់និងផ្នែកផ្សេងៗជាច្រើនទៀត។
ជាក់ស្តែងណាស់ ទីផ្សារហាងលក់ទំនិញរាយក្នុងផ្សារទំនើបបានកើនឡើងដែលបានសរបញ្ជាក់តាមរយៈការបើកសម្ពោធផ្សារទំនើបធំៗចំនួន៣រួមមានផ្សារទំនើបអ៊ីអនទី២ នៅក្នុងខណ្ឌសែន សុខ ផ្សារទំនើប Prince Central Plaza និងផ្សារទំនើប The Park។ក្នុងចំណោមផ្សារទំនើបទាំង ៣ ផ្សារទំនើបអ៊ីអនទី ២ ដែលទើបតែបានបើកដំណើរការកាលពីពេលថ្មីៗនេះ បានបន្ថែមផ្ទៃក្រឡាទីតាំងលក់ទំនិញរាយ (Net Lettable Area) ប្រមាណជា ៨៥ ០០០ ម៉ែត្រការ៉េ ទៅលើផ្ទៃក្រឡាដែលមានស្រាប់នៅក្នុងរាជធានីភ្នំពេញ។ (អានបន្ថែម)
ដោយឡែកទោះជាការលក់រាយក្នុងផ្សារទំនើបគឺមានជំនាញវិជ្ជាជីវៈច្បាស់លាស់ជាងការលក់នៅក្រៅផ្សារទំនើបក្តី លោក Simon Griffiths បានចង្អុលបង្ហាញថាទីផ្សារលក់រាយក្នុងផ្សារទំនើបនេះគឺមានការលំបាកជាង ហើយមានហានិភ័យច្រើនជាងដូចជាប្រតិបត្តិការនិងការបណ្តុះបណ្តាលបុគ្គលិកជាដើម។
ទោះជាមានការលំបាកបែបនេះក៏ដោយ ក៏លោក Simon Griffiths នៅតែមើលឃើញថាវិស័យនេះនឹងបន្តរីកចម្រើនបន្ថែមទៀតដោយលោកលើកឡើងថាទីផ្សារហាងលក់ទំនិញរាយក្នុងផ្សារទំនើបនឹងមានការទាក់ទាញអ្នកជួលពីចន្លោះ ១០០០ ទៅ ២០០០នាក់ក្នុងមួយឆ្នាំៗ។

- Video Advertisement -