អ្នកឧកញ៉ា ពុង ឃាវសែ ផ្តល់សាលមង្គលការកោះពេជ្រសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល

ដើម្បីរួមចំណែកដោះស្រាយទុក្ខលំបាករបស់រដ្ឋាភិបាលកម្ពុជា ប្រធានក្រុមហ៊ុន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្រេចផ្ដល់សាលពិពរណ៍ និងអគាររៀបការនៅកោះពេជ្រ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។

នេះបើតាមការឱ្យដឹងពី សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នេះ។

សម្ដេច ហ៊ុន សែន បានប្រកាសថា បច្ចុប្បន្ន មន្ទីរពេទ្យចំនួន ៣ ដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ពេលនេះមានសភាពពេញហើយ ដូច្នេះគឺត្រូវការទីតាំងបន្ថែម។

សម្ដេច មានប្រសាសន៍ថា៖ «កន្លែងកោះពេជ្រ …គឺដាក់តែអ្នកជំងឺស្រាលទេ តែអ្នកជំងឺធ្ងន់ គឺត្រូវបញ្ចូនទៅមន្ទីរពេទ្យ។ អំឡុងពេលនេះក៏មិនមានអ្នកណារៀបការដែរ។ ខ្ញុំបានស្នើឱ្យមន្ត្រីរៀបចំទិញគ្រែសម្រាប់មណ្ឌលព្យាបាលថ្មីនេះ យ៉ាងតិច ៥ ០០០ គ្រែ»។

ក្រៅពីផ្ដល់ជាទីតាំង អ្នកឧកញ៉ា ពុង ឃាវសែ កាលពីម្សិលមិញនេះ ក៏បានចុះត្រួតពិនិត្យផ្ទាល់ លើការងាររៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល នៅមជ្ឈមណ្ឌលពិពរណ៍កោះពេជ្រនេះ ផងដែរ។

គួរបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ កន្លងមកតែងតែចូលរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាជំងឺកូវីដ១៩។ ជាក់ស្តែងបើគិតត្រឹមដើមខែមេសានេះ អ្នកឧកញ៉ាបានបរិច្ចាគថវិកាជូនរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ៤ ដងហើយ សរុបទឹកប្រាក់រហូតជិត ១០លានដុល្លារឯណោះ។ (អានបន្ថែម)

សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ៕

- Video Advertisement -