ឥណទានសាងសង់ផ្ទះ និងទិញផ្ទះ ប៉ះពាល់ដោយកូវីដ១៩ ទទួលបានលក្ខខណ្ឌអនុគ្រោះ
ឥណទានសាងសង់ផ្ទះ ឬហាង និងឥណទានទិញផ្ទះ ត្រូវបានទទួលការអនុគ្រោះលើលក្ខខណ្ឌបង់ប្រាក់មួយចំនួន តាមរយៈ ”ឥណទានរៀបចំឡើងវិញ” ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ការផ្តល់លក្ខខណ្ឌអនុគ្រោះនេះ មានគោលបំណង ដើម្បីសម្រាលបន្ទុកអ្នកខ្ចីប្រាក់ ដែលកំពុងប្រឈមនឹងការធ្លាក់ចុះនៃប្រាក់ចំណូលចម្បង និងមានការលំបាកក្នុងការទូទាត់សង បណ្តាលមកពីឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសារាចរណែនាំ ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ យកចិត្តទុកដាក់ជាមួយអតិថិជនដែលរងផលប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យរៀបចំឥណទានឡើងវិញ។
វិស័យដែលអាទិភាពដែលទទួលបានភាពអនុគ្រោះនេះ រួមមាន ទេសចរណ៍ (សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន) កាត់ដេរ (ដោយរាប់បញ្ជូលទាំងនិយោជិត) សំណង់ (ចំពោះតែឥណទានសាងសង់ផ្ទះ/ហាងដំបូង និងឥណទានទិញផ្ទះដំបូង) និងការដឹកជញ្ជូន (ជាពិសេសអ្នកបើកបរតាក់ស៊ី និងរ៉ឺម៉កកង់បី) និងឡូជីស្ទីក។
សារាចរបានណែនាំ បញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនេះ ត្រូវផ្តល់ជូនអតិថិជន ទូទាត់សងតែក្នុងរយៈពេលបណ្តោះអាសន្នប៉ុណ្ណោះ និងមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។សារាចរបានបន្ថែមថា «ឥណទានរៀបចំឡើងវិញ» ជាឥណទានដែលលក្ខខណ្ឌនៃកិច្ចសន្យាដើមត្រូវបានកែប្រែដោយផ្តល់ការអនុគ្រោះដល់អតិថិជន ដែលជួបស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុជាក់ស្តែង និងបណ្តោះអាសន្ន។
លក្ខខណ្ឌអនុគ្រោះ មានដូចជា ការកាត់បន្ថយចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ការកាត់បន្ថយអត្រាការប្រាក់ទាបជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ស្ថិតក្នុងចំណោមលក្ខណអនុគ្រោះ៕