ឧបនាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនមិនប៉ះពាល់បរិស្ថានវៀតណាមនោះទេ ខណៈកម្ពុជាបានជ្រើសថ្ងៃខែបើកការដ្ឋានរួចរាល់ហើយ!

ឆ្លើយតបនឹងសំណួររបស់ CNBC Inter’l ពាក់ព័ន្ធនឹងករណីដែលថា ព្រែកជីកហ្វូណននឹងបង្វែរបរិមាណទឹកទន្លេមេគង្គ នឹងធ្វើឱ្យខ្វះខាតទឹកសម្រាប់ស្រោចស្រពនៅតាមតំបន់ផ្នែកខាងក្រោមទន្លេមេគង្គ (ជាពិសេសនៅតំបន់វៀតណាមខាងត្បូង) ដែលជាប្រភពផ្គត់ផ្គង់កសិកម្មសម្រាប់ទីផ្សារអាស៊ី ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗថា​ បរិមាណលំហូរទឹកដែលនឹងត្រូវហូរឆ្លងកាត់ព្រែកជីកហ្វូណនធៀបនឹងបរិមាណលំហូរទឹកនៃទន្លេមេគង្គទាំងមូល គឺតិចតួចខ្លាំងសឹងថាពុំចាំបាច់និយាយ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ CNBC International TV ចេញផ្សាយថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៤។

អ្វីដែលបានលើកឡើងគឺជាការព្រួយបារម្ភដែលគ្មានទិន្នន័យបញ្ជាក់។ អនុញ្ញាតឱ្យខ្ញុំប្រាប់អ្នកអំពីតួលេខជាក់លាក់។ សព្វថ្ងៃ ៨០០០ ម៉ែត្រគូប ក្នុងមួយវិនាទី នៃបរិមាណលំហូរទឹកទន្លេមេគង្គហូរទៅកាន់សមុទ្រ។ ចំណែកឯបរិមាណលំហូរទឹកដែលនឹងត្រូវរំលែកពីទន្លេមេគង្គមកតាមព្រែកជីកហ្វូណន គឺមានត្រឹមតែ ៣,៦ ម៉ែត្រគូប ក្នុងមួយវិនាទី ពោលគឺមានត្រឹមតែ ០,០៦% នៃបរិមាណលំហូរទឹកក្នុងទន្លេមេគង្គតែប៉ុណ្ណោះ។ ដូច្នេះ បរិមាណនេះគឺវាតិចតួចហួសនឹងលើកមកនិយាយ។ ប្រសាសន៍ឯកឧត្តមស៊ុន ចាន់ថុល។

ឯកឧត្តមបញ្ជាក់ថា ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងព្រែកជីកហ្វូណននេះ ត្រូវបានធ្វើឡើងដោយអ្នកជំនាញនិងទីប្រឹក្សាជាតិនិងអន្តរជាតិចំនួន ៤៨រូប និងត្រូវបានធ្វើឡើងដោយគ្រប់ជ្រុងជ្រោយ។ គម្រោងនេះ នឹងមិនមានការប៉ះពាល់បរិស្ថានទាំងនៅក្នុងប្រទេសកម្ពុជា និងមិនមានផលប៉ះពាល់បរិស្ថានឆ្លងកាត់ព្រំដែនជាពិសេសទៅលើប្រទេសវៀតណាមឡើយ ដោយសារយើងប្រើប្រាស់វិធីសាស្ត្រសិក្សាបែបវារីសាស្ត្រ ជលសាស្ត្រ ដ្រូន ផ្កាយរណប និងការសិក្សានៅលើទីតាំងផ្ទាល់ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។នៅពេលយើងនិយាយអំពីគម្រោងព្រែកជីកប្រវែង ១៨០ គីឡូម៉ែត្រ មិនមែនមានន័យថា យើងនឹងជីកដីព្រែកទាំងស្រុងទាំង១៨០គីឡូម៉ែត្រនោះទេ។ តាមពិតព្រែកជីកនេះ គឺធ្វើឡើងលើផ្លូវទឹកដែលមានស្រាប់និងត្រូវបានប្រើប្រាស់ជាង២០០០ឆ្នាំរួចមកហើយ។ អ្វីដែលយើងចង់ធ្វើបន្ថែម គឺគ្រាន់តែជីកពង្រីកនិងជីកឱ្យជ្រៅបន្ថែមទៀត ដើម្បីឱ្យនាវាដឹកជញ្ជូនរហូតដល់ ៣០០០តោន អាចដឹកជញ្ជូនឆ្លងកាត់ពីភ្នំពេញទៅសមុទ្ររបស់យើងនៅកែបបានតែប៉ុណ្ណោះ។ ឯកឧត្តមស៊ុន ចាន់ថុលបញ្ជាក់។

និយាយពីចរន្តទំនិញដឹកជញ្ជូនឆ្លងកាត់ នៅពេលសាងសង់រួច គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្តល់ផលចំណេញដល់កម្ពុជាបានចន្លោះពី ៨៨ ទៅ ៥៧០លានដុល្លារក្នុងមួយឆ្នាំ ចេញពីការបង្វែរលែងដឹកជញ្ជូនទំនិញកាត់តាមវៀតណាម បែរមកដឹកជញ្ជូនតាមព្រែកជីកខ្លួនឯងវិញ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៣ ខែឧសភា ២០២៤។

នេះ អាចជាមូលហេតុចម្បងមួយ ដែលប្រទេសវៀតណាហាក់សម្តែងការប្រតិកម្មគួរឱ្យកត់សម្គាល់ថា ប្រទេសខ្លួនមានការប៉ះពាល់ពាក់ព័ន្ធនឹងគម្រោងនេះ ត្បិតថា បច្ចុប្បន្នកម្ពុជាត្រូវបង់ខាតដោយសារត្រូវបង់ថ្លៃប្រមាណ ២២៣ដុល្លារសម្រាប់រាល់ទំនិញក្នុងមួយកុងន័រប្រវែង១២ម៉ែត្រ ដែលឆ្លងកាត់ទន្លេមេគង្គ ទៅកំពង់ផែទឹកជ្រៅនៅសមុទ្រវៀតណាមខាងត្បូង។

គួរបញ្ជាក់ថា បច្ចុប្បន្នលំហូរទំនិញកម្ពុជាទៅកំពង់ផែក្រុងព្រះសីហនុមានចំនួន ៦៧% នេះបើគិតតាមគ្រប់មធ្យាបាយដឹកជញ្ជូន ខណៈការនាំចេញតាមវៀតណាមមានចំនួន ៣៣% នៃបរិមាណទំនិញនាំចេញសរុបជាប្រចាំ។ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា នៅពេលព្រែកជីកហ្វូណនសាងសង់រួចរាល់ លំហូរទំនិញទៅកំពង់ផែសមុទ្រកម្ពុជា នឹងកើនឡើងដល់ ៩០%  ចំណែកឯការនាំចេញតាមច្រកវៀតណាមនៅសល់តែ ១០% ប៉ុណ្ណោះ។

តួលេខ១០% នៅតែដឹក (កាត់តាមវៀតណាម) ដោយសារកប៉ាល់ធំៗខ្លះត្រូវការកំពង់ផែទឹកជ្រៅនៅវៀតណាម ចឹងយើងមិនអាចហាមឃាត់អ្នកបានទេ។ ឯកឧត្តមបញ្ជាក់។

ព្រែកជីកហ្វូណនតេជោ ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏ធំមួយរបស់កម្ពុជា​ ដែលគ្រោងប្រើទុនវិនិយោគប្រមាណ ១៧០០លានដុល្លារ និងគ្រោងអនុវត្តក្នុងរយៈពេល ៤ឆ្នាំ។ គម្រោងនេះ ផ្តល់ផលចំណេញច្រើនសម្រាប់ការដឹកជញ្ជូនកម្ពុជា ទាំងផ្នែកភូមិសាស្ត្រនយោបាយ សង្គម ប្រព័ន្ធធារាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច ជាពិសេសការជួយសម្រួលប្រព័ន្ធពស្តុភារ ការកាត់បន្ថយការដឹកជញ្ជូនខ្លីជាងមុន និងថ្លៃចំណាយទាប។ បើតាមឯកឧត្តម ស៊ុន ចាន់ថុល គម្រោងព្រែកជីកហ្វូណននេះ អាចនឹងចាប់ផ្តើមបើកការដ្ឋានជីក ចាប់ពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះទៅ ដែលកាលបរិច្ឆេទ ២៩ ធ្នូ គឺក្នុងន័យរំលឹកទិវាជ័យជំនះ ២៩ ធ្នូ ១៩៩៨  និង “ទិវាសន្តិភាពនៅកម្ពុជា” ដែលរដ្ឋាភិបាលទើបនឹងចេញអនុក្រឹត្យកំណត់យកជាថ្ងៃមុនជាតិកាលពីពេលកន្លងទៅថ្មីៗនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]