ឯកជនគ្រោងវិនិយោគបង្កើតតំបន់ទេសចរណ៍៣កន្លែង លើដីជិត៣០ហិកតា នៅខេត្តកោះកុង

ក្រុមហ៊ុនឯកជន គ្រោងនឹងវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៣កន្លែង លើផ្ទៃដី ប្រមាណជិត ៣០ហិកតា នៅក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យទីតាំងផ្ទាល់ កាលពីថ្ងៃ១៤ ខែមិថុនា នេះថា បច្ចុប្បន្នគម្រោងទាំង៣ ស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែង ថាអាចធ្វើបានឬទេ។

«យើងត្រូវសិក្សាឱ្យច្បាស់លាស់ ព្រោះគម្រោងដែលដាក់ស្នើមក គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃតាតៃ ក្នុងភូមិសាស្រ្ត សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា»។

ជាមួយគ្នានេះដែរ លោកអ៊ុក ភ័ក្ត្រា ក៏បានស្នើទៅកាន់តំណាងក្រុមហ៊ុនស្នើសុំវិនិយោគនូវចំណុចមួយចំនួនដូចជា៖

១-ត្រូវដោះស្រាយផលប៉ះពាល់ និងសំណងនានាប្រសិនបើការអនុវត្តគម្រោងនេះបានប៉ះពាល់ដល់ទ្រព្យសម្បត្តិ ឬកម្មសិទ្ធិឯកជន។
២-ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជ្រើសរើសកម្លាំងពលកម្មពីក្នុងតំបន់ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ។
៣-ចូលរួមថែរក្សាបរិស្ថាន ធនធានធម្មជាតិនិងជីវចម្រុះ ក្នុងនិងក្បែរទីតាំងស្នើសុំវិនិយោគ ពិសេសគឺការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម។
៤- ត្រូវគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន និងលិខិតបទដ្ឋាននានាដែលបានអនុញ្ញាតជូនក្រុមហ៊ុន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានប្រសិនបើមានតម្រូវការ៕

- Video Advertisement -