ឯកជនត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ ៥ កន្លែង លើដីជិត៥០ហិកតា នៅភ្នំគូលែន

រដ្ឋបាលខេត្តសៀមរាប សម្រេចគាំទ្រឱ្យឯកជនវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូច ៥ កន្លែង ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ក្រោយចុះពិនិត្យទីតាំងជាក់ស្ដែងកាលពីថ្ងៃទី ២ កញ្ញា កន្លងទៅ ដោយស្នើឱ្យឯកជនត្រូវរៀបចំផែនការពេញលេញ ដើម្បីបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានអនុម័តចុងក្រោយ។

គម្រោងនីមួយៗ នឹងមានផ្ទៃដីមិនលើសពី ១០ហិកតា ក្នុងមួយគម្រោង ដោយមានទីតាំងស្ថិតនៅភូមិតាពេញ និងភូមិខ្នងភ្នំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ និងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

លទ្ធផលនៃការបើកភ្លើងខៀវនេះ ធ្វើឡើងក្រោយពីមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងជាក់ស្ដែង ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

ក្រោយពិនិត្យ ក្រុមការងារគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍ខាងលើ ប៉ុន្តែក្រុមកាងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិអប្សរា នឹងសិក្សាលម្អិតបន្ថែមទៀតអំពីផលប៉ះពាល់លើបុរាណវិទ្យា និងអេកូឡូស៊ី មុននឹងដាក់ស្នើសុំការពិនិត្យសម្រេចពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន។

- Video Advertisement -