ឯកឧត្ដម ស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ១២ គម្រោង នៅកម្ពុជា
ឯកឧត្ដមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៩ សីហា កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងាយ។
ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី បានសរុបបច្ចុប្បន្នភាព និងផែនការនៅពេលអនាគតសម្រាប់គម្រោងធំៗចំនួន ១២ ដូចខាងក្រោម៖
១) ស្ពានក្រចេះ-កំពង់ធំ
ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់រួចហើយ លើគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះ-កំពង់ធំ ដោយគ្រោងនឹងបើកការដ្ឋាននៅចុងឆ្នាំនេះ។
២) ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣
រដ្ឋបានចុះកិច្ចសន្យាសាងសង់រួចហើយ លើគម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤១ ៣១ និង ៣៣ បច្ចុប្បន្នកំពុងរង់ចាំរៀបចំបើកការដ្ឋានសាងសង់ឆាប់ៗ។
៣) ផ្លូវក្រវាត់ក្រុងទី៤
ក្រសួងបាន និងកំពុងសិក្សាបន្ត ដោយគ្រោងនឹងបញ្ចប់ឆាប់ៗនេះ។
៤) ផ្លូវកំពង់ឆ្នាំង-ខេត្តកំពង់ធំ
ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់លើគម្រោងផ្លូវតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-ខេត្តកំពង់ធំ។
៥) ផ្លូវសៀមរាប-បាត់ដំបង
ក្រុមការងារបានបញ្ចប់ការសិក្សាជាស្ថាពរលើគម្រោងផ្លូវតភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តសៀមរាប ប្រវែង ៧២គម។
៦) ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចបាន៦៥% គ្រោងបញ្ចប់ការសាងសង់ក្នុងខែកញ្ញា ឆ្នាំ២០២២។
៧) ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
ក្រសួងកំពុងបន្តសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ដោយលើគោលការណ៍កសាងប្រតិបត្តិផ្ទេរ (BOT)។
៨) ផ្លូវ ៣៤ខ្សែ នៅក្រុងព្រះសីហនុ
ក្រុមការងារបានបញ្ចប់គម្រោងសាងសង់ផ្លូវ ៣៤ខ្សែនៅ ក្រុងព្រះសីហនុរួចរាល់ជាស្ថាពរហើយ។
៩) ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប
គម្រោងផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានប្រមាណ ៧០% ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១ នេះ។
១០) ផែនការអភិវឌ្ឍន៍ផ្លូវដែក
ក្រសួងកំពុងរៀបចំបញ្ចប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ហើយគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលឯកភាពឆាប់ៗ។
១១) កំពង់ផែក្រុងព្រះសីហនុ។
គម្រោងពង្រីកកំពង់ផែក្រុងព្រះសីហនុ ដើរទៅមុខដោយរលូន ដែលអាចអនុញ្ញាតឱ្យនាវាចំនួន៩៣% នៅ តំបន់អាស៊ីប៉ាស៊ីហ្វិកអាចចូលចតបាន។
១២) ផែនការពង្រីកកំពង់ផែ
ក្រសួងគ្រោងពង្រីកសមត្ថភាពកំពង់ផែ មួយចំនួន រួមមាន៖ កំពង់ផែខេត្តកំពត កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែទន្លេផ្សេងទៀត ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការដឹកជញ្ជូនតាមផ្លូវទឹក។
- Video Advertisement -