ក្រមហ៊ុនចំនួន២ ស្នើបង្កើតរោងចក្រផលិតក្តារបន្ទះ និងកែច្នៃសំណល់អេឡិចត្រូនិច តម្លៃជិត៧លានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនចំនួន២ បានស្នើសុំបង្កើតរោងចក្រផលិតក្តារបន្ទះ និងកែច្នៃសំណល់អេឡិចត្រូនិច តម្លៃជិត៧លានដុល្លារនៅខេត្តព្រះសីហនុ ដើម្បីជំរុញសេដ្ឋកិច្ចខេត្ត និងបង្កើតការងារជូនប្រជាពលរដ្ឋ។ នេះបើយោងតាមដំណើរចុះពិនិត្យទីតាំងគម្រោង ដើម្បីចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្រុងកំពង់សោម និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ កាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ឡុង ឌីម៉ង់ បានឱ្យដឹងថា ទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតក្តារបន្ទះរបស់ក្រុមហ៊ុន មូ យូ ដេខូរេសិន មេធៀរៀល ឯ.ក និង គម្រោងកែច្នៃសំណល់អេឡិចត្រូនិច របស់ក្រុមហ៊ុនឌីប៊ី ហ្គោលអ៊ីមផត និងអ៊ិចផត ឯ.ក។ រោងចក្រទាំងពីរនេះ បោះទីតាំងស្ថិតនៅភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម និងភូមិធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ព្រះសីហនុ។
គម្រោងទាំង២នេះបានដាក់ពាក្យស្នើសុំតាមរយៈអនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ដែលមានទុនវិនិយោគសរុបប្រមាណ៦.៨៥០.៤៩៣ដុល្លារអាម៉េរិក។ យ៉ាងណាមិញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំឱ្យក្រុមហ៊ុនទាំងពីរផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន រៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់ និងសំណល់រឹង-រាវ ឱ្យត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដើម្បីកុំឱ្យប៉ះពាល់ដល់ពលរដ្ឋមូលដ្ឋាន រៀបចំអគារឱ្យមានខ្យល់ចេញចូលល្អ មានច្រកចេញចូលសុវត្ថិភាព និងបំពាក់ឧបករណ៍បង្ការអគ្គិភ័យឱ្យបានគ្រប់គ្រាន់ និងចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីផ្តល់ផាសុកភាពដល់បុគ្គលិក និងកម្មករនៅទីតាំងផងដែរ៕
- Video Advertisement -