ជប៉ុនផ្ដល់ជំនួយជាង ២៦០លានដុល្លារពង្រីកផ្លូវជាតិលេខ៥ព្រែកក្តាម-ពោធិ៍សាត់ ជា៤គន្លង

កាលពីព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ឆ្ពោះទៅកាន់ធ្លាម្អម ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលមានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះនឹងពង្រីក៤គន្លង(២គន្លងទៅ ២គន្លងមក)ទទឹង២៣ម ចាក់បេតុងកៅស៊ូ ប្រភេទACនិងបំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន។ ផ្លូវនេះនឹងឆ្លងកាត់ខេត្តចំនួន០៣ រួមមានខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ។

គម្រោងពង្រីកផ្លូវមួយខ្សែរនេះនឹងចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះដែរ កំណាត់ផ្លូវនេះត្រូវបានសាងសង់ដោយក្រុមហ៊ុន Sumitoto Mitsui Construction Co., Ltd ក្រុមហ៊ុន World Kaihatsu Kogyo Joint Venture និងក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Katahira& Engineers International និង Oriental Consultant Global ។

គម្រោងនេះជាដំណាក់កាលទី២នៃគម្រោងធ្វើអោយប្រសើរឡើងនូវផ្លូវជាតិលេខ៥ទាំងមូល។ ដំណាក់កាលទី ១ គឺកំណាត់ពីបាត់ដំបង-សិរីសោភ័ណដែលបានបើការដ្ឋានសាងសង់រួចមកហើយកាលពីខែមីនាកន្លងមកនេះ ក្រោមគម្រោងឥណទានជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុនចំនួន ១៨៥ លានដុល្លារអាមេរិក ផងដែរ (អានបន្ថែម)។ រីឯដំណាក់កាលបន្ទាប់គឺពីខេត្តពោធិ៍សាត់ទៅបាត់ដំបង និងចុងក្រោយពីខេត្តបន្ទាយមានជ័យ ទៅប៉ោយប៉ែត។

គម្រោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៥នេះ គឺកើតឡើងក្នុងទំនាក់ទំនងរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក Shinzō Abe នាយករដ្ឋមន្ត្រីជប៉ុន ក្នុងពេលដែលសម្តេចតេជោ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនកន្លងមកនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថាផ្លូវជាតិលេខ៥នេះពិតមានសារៈសំខាន់ណាស់សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅតាមបណ្តាខេត្តផ្សេងៗដូចជា ខេត្តកណ្តាល, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ (ប៉ោយប៉ែត) ជាពិសេស គឺនឹងបានរួមចំណែកក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មអោយកាន់តែរីកចម្រើនដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើង។

នាឱកាសនោះផងដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលជប៉ុនដែលជានិច្ចជាកាល តែងតែផ្ដល់ជំនួយដល់ព្រះរាជាណាចក្រកម្ពុជា ទាំងជំនួយហិរញ្ញវត្ថុ និងជំនួយបច្ចេកទេស ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ថ្នល់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

កម្ពុជា-លុចសំបួ ចុះកិច្ចព្រមព្រៀងលើគម្រោងអភិវឌ្ឍជំនាញបច្ចេកទេសដល់យុវជននៅខេត្តចំនួន២

កិច្ចព្រមព្រៀងថ្មីផ្តោតលើខេត្តស្ទឹងត្រែង និងរតនគីរី ជាម […]

ក្រសួងសេដ្ឋកិច្ចណែនាំលទ្ធភាពចំនួន៥ ដើម្បីវាយតម្លៃលើការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍ចំនួន៥ […]

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]