ក្រុមជំនាញនគររូបនីយកម្មចិនជួយកម្ពុជាធ្វើគំរូប្លង់មេខេត្តព្រះសីហនុ
ក្រុមជំនាញមកពីវិទ្យាស្ថានគំរូប្លង់ និងនគរូបនីយកម្ម នៃទីក្រុងស៊ីនជិនប្រទេសចិន នឹងចាប់ផ្តើមរៀបចំពង្រាងប្លង់មេ សម្រាប់អភិវឌ្ឍខេត្តព្រះសីហនុ។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកការពង្រាងប្លង់មេនេះមានសារសំខាន់ដោយសាររដ្ឋាភិបាលកម្ពុជាចាត់ទុកថាខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
នៅក្នុងជំនួបជាមួយឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសិប្បកម្ម និងឧស្សាហកម្ម កាលពីថ្ងៃអង្គារកន្លងទៅ លោក Xiao Sima ប្រធានប្រតិភូអ្នកជំនាញចិន លើកឡើងថា វិទ្យាស្ថានរបស់លោក នឹងយកបទពិសោធជោគជ័យ និងដំណោះស្រាយឈ្នះៗ ដែលធ្លាប់បានអភិវឌ្ឍនៅទីក្រុង Shenzhen មកអភិវឌ្ឍនៅកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួង។
លោក Xiao Sima បន្ថែមថា ការសិក្សាពង្រាងប្លង់មេនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យស្របនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០២៥ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ វាយតម្លៃខ្ពស់ចំពោះគម្រោងពង្រាងប្លង់មេខេត្តព្រះសីហនុ ហើយថាពេលដែលពង្រាងប្លង់មេនេះលេចចេញជារូបរាងហើយ នឹងត្រូវយកទៅពិភាក្សាក្នុងកិច្ចប្រជុំអន្តរក្រសួង មុននឹងដាក់ឆ្លងទៅគណៈរដ្ឋមន្ត្រីសម្រេច ។
ឯកឧត្តម ចម ប្រសិទ្ធ លើកឡើងថា គំរូប្លង់មេដែលធ្វើឡើងដោយអ្នកជំនាញផ្នែកនគររូបនីយកម្ម នៃទីក្រុង Shenzhen នឹងមានលក្ខណៈល្អប្រសើរសម្រាប់អភិវឌ្ឍនៅខេត្តព្រះសីហនុ ឲ្យមានលក្ខណៈស៊ីវិល័យ ការពារបាននូវកំរិតបរិស្ថានខ្ពស់ និងជាទីតាំងដ៏ទាក់ទាញសម្រាប់ការវិនិយោគ និងតំបន់ឧស្សាហកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤យើងនេះ ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា លោកស្វាគមន៍ចំពោះគម្រោងពង្រាងប្លង់មេនេះ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុ ជាខេត្តមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវគោក ផ្លូវដែក ផ្លូវអាកាស និងមានកំពង់ផែទឹកជ្រៅ សម្រាប់ដឹកជញ្ជូនទំនិញ។
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោរ ហ៊ុន សែន ធ្លាប់បានលើកឡើងថា លោកចង់ប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសសីហនុ ដែលវិនិយោគដោយជនជាតិចិន ទៅទីក្រុងស៊ីនជិន ទីពីរ បន្ទាប់ពីទីក្រុងស៊ីនជិន នៅខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន៕
- Video Advertisement -