រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយជិត២លានដុល្លារអភិវឌ្ឍន៍កំពង់ផែព្រះសីហនុ
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណង ចំនួន២០០លាន យ៉េន ឬប្រហាក់ប្រហែល១.៨ លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងសង់ឃ្លាំងកុងតឺន័រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
កិច្ចព្រមព្រៀមផ្តល់ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែឧសភានេះ ដែលចុះហត្ថលេខារវាង ឯកឧត្តម ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក្រោមវត្តមាននៃប្រមុខរាជរដ្ឋាភិបាលទាំងពីរ គឺសម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្តេចតេជោរ ហ៊ុន សែន មានប្រសាសន៍ថា ការផ្តល់ហិរញ្ញប្បទានសងសាង់ឃ្លាំងកុងតឺន័រនេះពីរដ្ឋភិបាលជប៉ុន គឺបន្ថែមពីលើជំនួយហិរញ្ញប្បទានសហប្រតិបតិ្តការដែលជប៉ុនបានផ្តល់ឲ្យកំពង់ផែព្រះសីហនុកាលពីឆ្នាំ២០១៧ ក្នុងការកសាងចំណតកង់តឺន័រទឹកជ្រៅ។
សម្តេចតេជោរ ហ៊ុន សែន ថ្លែងថា៖ «លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការ លើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទាន រហូតដល់ប្រមាណជា ២៣ពាន់លានយ៉េន នឹងជួយប្រែក្លាយកម្ពុជា ទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាពគ្រប់គ្រងទំនិញបានដល់ ៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំ ដែលមានសមត្ថភាពបន្ថែម លើសពីពេលបច្ចុប្បន្ន ២ដង។»
សម្តេចតេជោរ ហ៊ុន សែន បន្ថែមថា៖ «គម្រោងនេះ នឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុង សមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែកកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញអន្តរជាតិនាពេលអនាគត»។
ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ ប្រទេសជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការ យ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២.៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៥ភាគរយ នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា៕
- Video Advertisement -