ក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្រោយកសាងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ
រដ្ឋាភិបាលចំណាយថវិកា ២៩៤លានដុល្លារ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងព្រះសីហនុ ជាមួយនឹងការ ស្ថាបនាក្នុងទ្រង់ទ្រាយធំ ផ្លូវក្រុងព្រះសីហនុចំនួន៣៤ខែ្ស ដែលនឹងកែប្រែមុខមាត់ថ្មី ក្រុងព្រះសីហនុទាំង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងទាក់ទាញវិស័យទេសចរណ៍។ ការដ្ឋានសាងសង់ផ្លូវចំនួន ៣៤ខ្សែ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ នៅក្រោមអធិបតីភាពសម្តេចតេជោរ ហ៊ុន នាយករដ្ឋមន្រ្តីកម្ពុជា។
យោងតាមផែនការ ផ្លូវទាំង៣៤ខ្សែ មានប្រវែងសរុប ៨៤ម៉ែត្រ មានរង្វង់មូលចំនួន៣ និងស្ពានចំនួន៦ ប្រវែង២៥២ម៉ែត្រ ដែលសាងសង់ដោយក្រុមហ៊ុនសាងសង់ចំនួន៧ ដោយគ្រោងសាងសង់បញ្ចប់ក្នុង រយៈពេល៨ខែ។ យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ ផ្លូវទាំង៣៤ខ្សែ ចែកចេញជា៣ប្រភេទ គឺមហាវិថី ចំនួន៣ខ្សែ ប្រវែង២២គីឡូម៉ែត្រ វិថីមានចំនួន១៦ខ្សែ ប្រវែងជិត៥០គីឡូម៉ែត្រ និងអនុវិថី មានចំនួន១៥ខ្សែ ប្រវែង១២គីឡូម៉ែត្រ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋាននៅក្រុងព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “នៅពេលដែល ផ្លូវទាំងអស់ត្រូវបានសាងសង់រួចរាល់ ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបទាក់ទាញ ក្នុងនាមជាប៉ូល សេដ្ឋកិច្ចទី២ នៅកម្ពុជា”។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា៖ “នៅឆ្នាំ២០២០ ក្រុងព្រះសីហនុនឹងប្រែប្រួលមុខមាត់យ៉ាងខ្លាំង ទាំងផ្លូវ និងអគារ… ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងដ៏ទាក់ទាញទាំងវិស័យទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងច្រកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា”។
គួរបញ្ជាក់ថា រដ្ឋាភិបាលបានកំណត់ផែនក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភាកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ៕

- Video Advertisement -