ក្រុមហ៊ុនជប៉ុនសាងសង់រោងចក្រសម្រាប់ជួលនៅតំបន់សេដ្ឋកិច្ចក្រុងប៉ោយប៉ែត
ក្រុមហ៊ុនជប៉ុន Toyota Tsusho Corp សម្រេចពង្រីកការវិនិយោគរបស់ខ្លួន សាងសង់រោងចក្រជួលទី ២ នៅកម្ពុជាដើម្បីគាំទ្រដល់អាជីវកម្មជប៉ុនដែលកំពុងពង្រីកខ្លួនចូលទៅទីផ្សារជិតខាងកម្ពុជា គឺប្រទេសថៃ។
យោងតាមសារព័ត៌មានជប៉ុន NNA ក្រុមហ៊ុន Techno Park Poi Pet Pvt Co ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធុរបស់ក្រុមហ៊ុន Toyota Tsusho កាលពីថ្ងៃទី១៦ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sanco Cambo Investment Group Co ដែលប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស Sanco Poi Pet SEZ នៅទីក្រុងប៉ោយប៉ែត។
ក្រមហ៊ុនជប៉ុនបានចាប់ផ្តើមសាងសង់រោងចក្រសម្រាប់ជួលទំហំ ៨០០០ ម៉ែត្រការ៉េដែលមានឈ្មោះថា ឧទ្យានតេជោ Techo Park នៅលើផ្ទៃដីប្រមាណ ១៦,០០០ ម៉ែត្រការ៉េ នៅក្នុងខែធ្នូនេះ ហើយគ្រោងបញ្ចប់នៅខែសីហាឆ្នាំ ២០២០ ខាងមុខ។
ទោះជាយ៉ាងណា ចំនួនទឹកប្រាក់នៃការវិនិយោគនៅក្នុងគម្រោងមិនត្រូវបានបង្ហាញឲ្យដឹងនោះឡើយទេ។
លោក Naoto Sugita នាយករងTechno Park បានប្រាប់ សារព័ត៌មានជប៉ុន NNA ថាក្រុងប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃបានក្លាយជាមូលដ្ឋានមួយដែលក្រុមហ៊ុនផលិតរបស់ជប៉ុនផ្ទេរផ្នែកខ្លះនៃការផលិតកម្មរបស់ពួកគេពីប្រទេសថៃដែលពួកគេកំពុងប្រឈមនឹងបញ្ហាដូចជាការដំឡើងប្រាក់ឈ្នួល ជាដើម។
មានប្រសាសន៍កាលពីថ្ងៃទី៩ ខែធ្នូ ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា វិនិយោគិនជប៉ុនកំពុងចាប់ផ្តើមមានចំណាប់អារម្មណ៍ចូលមកវិនិយោគនៅកម្ពុជា។
ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី ថ្លែងថា៖ “កំណើនសេដ្ឋកិច្ចខ្ពស់ បរិយាកាសវិនិយោគល្អ និងទីតាំងជាយុទ្ធសាស្រ្តរបស់កម្ពុជា បានធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនជប៉ុន”។
បើតាមប្រភព NNA រោងចក្រសម្រាប់ជួលនេះក៏នឹងផ្តល់ជូននូវសេវាកម្មដូចជាបុគ្គលិក អប់រំ ឯកសារពន្ធគយ។ ក្រុមហ៊ុន Toyota Tsusho ក៏នឹងពិចារណាសាងសង់រោងចក្រជួលមួយផ្សេងទៀតដោយផ្អែកលើតម្រូវការនៅពេលខាងមុខ។
គួរបញ្ជាក់ថា Toyota Tsusho បានសាងសង់រោងចក្រសម្រាប់ជួលទីមួយរបស់ខ្លួនកាលពីឆ្នាំ ២០១៦ ដែលមានក្រុមហ៊ុនចំនួន ៥ ផលិតគ្រឿងបន្លាស់រថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច ផលិតផលដែក ដែលបច្ចុប្បន្នកំពុងដំណើរការ៕
- Video Advertisement -