៥៣% នៃថវិកាជាតិជាង១៤ពាន់លានដុល្លារគឺសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ
ទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣០ ខែសីហា បានអនុម័តលើផែនការថវិកាចំនួន ១៤,៤ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធីវិនិយោគសាធារណៈ ដោយវិស័យហេដ្ឋារចនាសម្ព័ន្ធ ទទួលបានចំណែកប្រមាណជាង ៥០ ភាគរយ សម្រាប់ការអនុវត្តរយៈពេល ៣ ឆ្នាំ។
ផែនការថវិកានេះ ដែលត្រូវបានស្នើដោយក្រសួងផែនការ គឺនឹងត្រូវគ្របដណ្តប់លើគម្រោងវិនិយោគសាធារណៈជាង ៦០៩ គម្រោង ទៅតាមវិស័យផ្សេងៗគ្នាសម្រាប់ ឆ្នាំ ២០២០-២០២២។ (អានបន្ថែម)
ក្រោយបញ្ចប់កិច្ចប្រជុំពេញអង្គរួចមក ទីស្តីការគណៈរដ្ឋមន្រ្តីតាមរយៈសេចក្តីប្រកាសព័ត៌កម្រាស់៤ ទំព័រ បានបញ្ជាក់ថា ថវិកានេះ នឹងត្រូវបែងចែក ៥៣,៨ ភាគរយសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ (ប្រមាណ ៧,៧ ពាន់លានដុល្លារ) ៣២,៧ ភាគរយសម្រាប់វិស័យសេដ្ឋកិច្ច (ប្រមាណ ៤,៧ ពាន់លានដុល្លារ) ៧ ភាគរយលើសេវាកម្ម និងកម្មវិធីអន្តរវិស័យ (ប្រមាណ ១ ពាន់លានដុល្លារ) និង ៦,៥ ភាគរយ សម្រាប់វិស័យសង្គមកិច្ច (ប្រមាណ ៩៣៦ លានដុល្លារ)។
ក្នុងចំណោម ៦០៩ គម្រោងខាងលើនេះ គម្រោងចំនួន ១៧១ គម្រោងគឺកំពុងដំណើរការ ខណៈដែលគម្រោងដែលនៅសល់ចំនួន ៤៣៨ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ។
កញ្ចប់ថវិកានេះ ត្រូវបានអនុម័តស្របពេលដែលកម្ពុជាត្រូវការការវិនិយោគហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីសាងសង់ព្រលានយន្តហោះ ស្ពាន ទំនប់វារីអគ្គិសនី ផ្លូវ ថ្នល់ និងកំពង់ផែសមុទ្រជាដើម។
ក្នុងន័យនេះ អនាគតនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាគឺស្របគ្នាទៅនឹងដំណើរការនៃការអភិវឌ្ឍន៍ឧស្សាហកម្មសំណង់ ខណៈប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជាចាប់ពីបណ្តាញផ្លូវហាយវ៉េ រហូតដល់ផ្លូវដែក និងកំពង់ផែ។ (អានបន្ថែម)
ជាក់ស្តែង ថ្មីៗនេះ កម្ពុជាបានចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់របស់ខ្លួនដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ២ ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន សាជីវកម្មផ្លូវថ្នល់ និងស្ពានចិន (CRBC) ខណៈដែលឆ្នាំដដែល កម្ពុជាបានប្រកាសផែនការវិនិយោគលើព្រលានយន្តហោះចំនួន ៦ គម្រោងដែលមានតម្លៃជាង២ ពាន់លានដុល្លារ។ (អានបន្ថែម)
ជាងនេះទៀត គិតត្រឹមចុងឆ្នាំ២០១៨ កន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិ និងផ្លូវខេត្ត សរុបប្រវែងជាង ១ ម៉ឺន ៦ពាន់ គីឡូម៉ែត្រ ត្រូវបានស្តារ និងស្ថាបនាឲ្យប្រសើរជាងមុន។ (អានបន្ថែម)
- Video Advertisement -