អគារ Gold Tower កម្ពស់ ៤២ជាន់ បានអនុញ្ញាតឲ្យសាងសង់ឡើងវិញហើយ
សំណង់អគារហ្គោលថៅវើ ៤២ ( Gold Tower 42 ) ដែលមានទីតាំងស្ថិតនៅ មហាវិថីព្រះសីហនុ កែងមហាវិថីព្រះមុនីវង្សត្រូវបានក្រសួងដែនដីបានអនុញ្ញាតិឲ្យសាងសង់ឡើងវិញជាធម្មតា ក្រោយពេលត្រូវបានក្រសួងផ្អាកការសាងសង់មួយរយៈ ដោយសារហេតុផលសុវត្ថិភាពមួយចំនួន។
គេនៅចាំបានថា កាលពីកំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ ការដ្ឋាននេះធ្លាប់មានព្រឹត្តិការណ៍ធ្លាក់ដែកពីលើអគារប៉ះពាល់មកលើរថយន្តរបស់ប្រជាពលរដ្ឋ ២ដងរួចទៅហើយ។ ក្រោយកើតមានឧបទ្ទវហេតុនេះ ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ បានចេញលិខិតផ្អាកការដ្ឋានសាងសង់អគារ Gold Tower 42 ជាបណ្តោះអាសន្ន។
ទើបតែមកដល់ពេលថ្មីៗនេះ ក្រសួងបានអនុញ្ញាតឱ្យចាប់ដំណើរការសាងសង់ជាធម្មតាឡើងវិញ ក្រោយពេលដែលពិនិត្យឃើញថា ក្រុមហ៊ុនរាប់រងខាងសាងសង់អគារនេះ បានអនុវត្តតាមលក្ខខ័ណ្ឌតម្រូវ របស់អាជ្ញាធរ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។
ឯកឧត្តម សេង ឡូត បានឲ្យដឹងថា ៖ «ករណីនេះ ក្រសួងបានអញ្ជើញភាគីទាំងពីរនេះ មកជួបការប្រជុំ និងសម្របសម្រួលគ្នា ដោះសា្រយចប់សព្វគ្រប់ហើយ។ ហើយក្រសួងក៏បានរៀបចំក្រុមការងារជំនាញ ចុះពិនិត្យ និងដាក់វិធានការឲ្យក្រុមហ៊ុននេះផ្អាកមួយរយៈ។» (អានបន្ថែម)
ឯកឧត្តមបានបន្តថា៖ «ប៉ុន្តែក្រោយមក យើងបានអនុញ្ញាតឲ្យសាងសង់វិញ ប៉ុន្តែគាត់ត្រូវគោរពតាមលក្ខណៈបច្ចេកទេស ឲ្យគាត់ដោះជណើ្តរយោលមានសភាពចាស់ទ្រុឌទ្រោមចេញពីជ្រុងផ្លូវ។ ហើយឲ្យគាត់បញ្ជូនសម្ភារៈតាមមធ្យោមបាយផ្សេងវិញរហូតដំណើរការសាងសង់ឡើងវិញ និងចប់សព្វគ្រប់។»
គួរបញ្ជាក់ផងដែលថា អគារ Gold Tower កម្ពស់ ៤២ជាន់ ដែលមានតម្លៃវិនិយោគ ២៤០លានដុល្លារ បានចាប់ផើ្តមសាងសង់តាំងពីឆ្នាំ ២០០៨។ គម្រោងនេះ បានផ្អាកកាលពីឆ្នាំ ២០១០ ដោយសាររងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច។ ជិត១ទសវត្សក្រោយ ពោលគឺកាលពីដើមឆ្នាំ ២០១៨ គម្រោងនេះ បានចាប់ផ្តើមសកម្មភាពសាងសង់ជាថ្មី ដែលគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២០៕
- Video Advertisement -