តើការវាស់វែង និងការផលិតផែនទីដែលអាចយកជាការបានតម្រូវឱ្យមានលក្ខណៈសម្បត្តិអ្វីខ្លះ?
ប្រាកដណាស់ ការវាស់វែង និងការផលិតផែនទីមួយទាមទារឱ្យមានការយកចិត្តទុកដាក់ ដើម្បីជៀសវាងបញ្ហាដែលអាចកើតឡើងនាពេលអនាគត ជាពិសេសការវាស់វែងព្រំប្រទល់ប្រទេស ជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនតែប៉ុណ្ណោះ។
ជាក់ស្តែង ការវាស់វែងទូទៅ ឬការផលិតផែនទីជំនាញ ត្រូវប្រើប្រាស់ទិន្នន័យវាស់វែងគោល ឬផែនទីគោល។ តួយ៉ាង អ្នកផលិតផែនទី ចាំបាច់ត្រូវសហការ និងប្រើប្រាស់ទិន្នន័យផែនទីគោលរបស់អគ្គនាយដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
រាល់អាជីវកម្មនេះ ក៏តម្រូវឱ្យមានអាជ្ញាបណ្ណ ឬវិញ្ញាបនបត្រវាស់វែង ដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផងដែរ។
បុគ្គលទូទៅដែលមានបំណងស្នើវិញ្ញាបនបត្រវាស់វែង ត្រូវមានសញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញវាស់វែងថ្នាក់ឧត្តម ឬថ្នាក់មធ្យម ឬថ្នាក់បឋមនៃគ្រឹះស្ថានសិក្សាណាមួយ។ បុគ្គលរូបនោះ ក៏ត្រូវមានបទពិសោធន៍វាស់វែងយ៉ាងតិច ០២ឆ្នាំ។ វិញ្ញាបនបត្រវាស់វែង មានសុពលភាព៥ឆ្នាំ និងអាចសុំបន្តបាន។
ចំណែកឯ ក្រុមហ៊ុនវិញ គឺត្រូវស្នើសុំអាជ្ញាបណ្ណវាស់វែងពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ។ លក្ខខណ្ឌគឺ ក្រុមហ៊ុននោះត្រូវតែមាននាយកបច្ចេកទេសមួយរូប ដែលជាអ្នកវាស់វែងកម្រិតឧត្តម និងមានបទពិសោធន៍យ៉ាងតិច ០៣ឆ្នាំ។ លើសពីនេះ ក្រុមហ៊ុនត្រូវតម្កល់ប្រាក់ធានាចំនួនពី១០ ទៅ ១០០ លានរៀល ទៅតាមប្រភេទអាជីវកម្មវាស់វែង និង/ឬផលិតផែនទីនោះ។
យោងតាមអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងលើការវាស់វែងនិងការផលិតផែនទី និងលើអាជីវកម្មវាស់វែងនិងការផលិតផែនទី ប្រភេទនៃអាជីវកម្មវាស់វែង និង/ឬផលិតផែនទីមានដូចជា៖
-ការវាស់វែងឋានលេខាក្នុងគោលដៅកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
-ការវាស់វែងឋានលេខាក្នុងគោលដៅកសាងសំណង់ស៊ីវិល
-ការផលិតទិន្នន័យវាស់វែងដោយប្រើឧបករណ៍ហ្វូតូក្រាមេទ្រី ឬរីម៉ូតសិនស៊ីង
-ការផលិតផែនទីជំនាញមិនមែនជាឌីហ្ស៊ីថល ឬជាឌីហ្ស៊ីថលសម្រាប់គោលដៅធ្វើអាជីវកម្ម
-សេវាបណ្តុះបណ្តាលលើការងារវាស់វែង
-សេវាកម្មពិគ្រោះយោបល់វាស់វែង
-សេវាកម្មគណនានិងបំលែងទិន្នន័យវាស់វែង
-សេវាកម្មចែកចាយទិន្នន័យវាស់វែង និងផែនទី។
គួរបញ្ជាក់ថា បុគ្គលណាដែលធ្វើសកម្មភាពវាស់វែង និង/ឬផលិតផែនទី ដោយគ្មានវិញ្ញាបនបត្រវាស់វែង ត្រូវពិន័យជាប្រាក់ចំនួន ១០ លានរៀល។ ចំពោះក្រុមហ៊ុន ដែលធ្វើសកម្មភាពដោយគ្មានអាជ្ញាបណ្ណវាស់វែង ត្រូវពិន័យជាប្រាក់ចំនួន ២០ លានរៀល។
- Video Advertisement -