សំណង់គ្មានលិខិតអនុញ្ញាត ខុសច្បាប់សំណង់ តើម្ចាស់សំណង់គួរធ្វើបែបណាទើបស្របច្បាប់វិញ?

សំណង់អគារជាច្រើននៅកម្ពុជាត្រូវបានសាងសង់ឡើងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ គ្មានលិខិតអនុញ្ញាតសាងសង់ ឬផ្ទុយពីចំណុចណាមួយនៃច្បាប់សំណង់ ។ ដូច្នេះហើយទើប ក្រោយពេលច្បាប់សំណង់ដាក់ចេញកាលពីឆ្នាំ ២០១៩ រដ្ឋាភិបាលបានទុកពេល ២ឆ្នាំ ឱ្យម្ចាស់សំណង់ប្រភេទនេះ សម្របខ្លួន ហើយអនុវត្តតាមច្បាប់ដែលបានកំណត់វិញ។ ប៉ុន្តែ រយៈពេល ២ ឆ្នាំ នឹងត្រូវបញ្ចប់ ក្នុងពេល២ ខែខាងមុខនេះហើយ។

ជាក់ស្ដែង មុនមានច្បាប់សំណង់ អនុក្រឹត្យលេខ ៨៦ ចុះថ្ងៃទី ១៩ ខែធ្នូឆ្នាំ ១៩៩៧ បានចែងយ៉ាងច្បាស់ថា ការសាងសង់អគារនានាគឺតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់។ អនុក្រឹត្យលេខ ៨៦ នេះ ក៏បញ្ជាក់នូវប្រភេពសំណង់ដែលត្រូវសុំ និងប្រភពសំណង់ត្រូវបានលើកលែងផងដែរ។

ប៉ុន្តែទោះជាមានអនុក្រឹត្យក្ដី ក្នុងសង្គមជាក់ស្ដែង ក៏នៅតែមានសំណង់ភាគច្រើននៅតែត្រូវសាងសង់ដោយគ្មានការអនុញ្ញាត ឬមិនអនុលោមតាមលក្ខខណ្ឌនៃលិខិតអនុញ្ញាតិសាងសង់។

ដោយឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ ឬសង់មិនត្រូវតាមច្បាប់នេះ មានច្រើនលើសលុប ហើយភាគច្រើនត្រូវបានកាន់កាប់ដោយអ្នកប្រើប្រាស់រួចទៅហើយ ហើយក៏មិនបង្កគ្រោះថ្នាក់ដល់ពួកគេដែរ ដូច្នេះហើយទើប ច្បាប់សំណង់ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ២ ខែវិច្ឆិកាឆ្នាំ ២០១៩ បានបន្ធូរបន្ថយដល់ម្ចាស់សំណង់ទាំងនោះ ដោយមិនចាំបាច់អនុវត្តច្បាប់បកថយក្រោយទេ តែគ្រាន់តែត្រូវដាក់ពាក្យសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់តែប៉ុណ្ណោះ។

មាត្រា ១០៦ នៃច្បាប់សំណង់ចែងថា៖ «ក្នុងរយៈពេល ២ ឆ្នាំ ក្រោយច្បាប់ចូលជាធរមាន ម្ចាស់សំណង់ ដែលបានសាងសង់រួចដោយគ្មានលិខិតអនុញ្ញាត ឬសាងសង់ខុសពីលិខិតអនុញ្ញាតមុនច្បាប់នេះចូលជាធរមាន ត្រូវមកដាក់ពាក្យស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់របស់ខ្លួន ពីអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីសំណង់នោះត្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់» ។

វិញ្ញាបនបត្រប្រើប្រាស់សំណង់នេះខុសគ្នាទៅនឹង លិខិតបិទបញ្ចប់ការដ្ឋាន ដែលចែងក្នុងច្បាប់សំណង់ និងអនុក្រឹត្យលេខ ២២៦ អនក្របក ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០។

វិញ្ញាបនបត្រប្រើប្រាស់សំណង់នេះត្រូវបានកំណត់ដោយប្រកាសលេខ ១៧៧ ដនស/ប្រ.ក.ចុះថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០១៩ ។ ប្រកាសនេះ បានបង្ហាញអំពីបែបបទ និងនីតិវិធី ដើម្បីស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់នេះ។

យោងតាមប្រកាសខាងលើ ម្ចាស់សំណង់ដែលចង់ដាក់ពាក្យសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ ត្រូវដាក់ពាក្យព្រមជាមួយនឹងឯកសារផ្សេងៗដូចជា របាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ឯកសារប្លង់មេសំណង់ (ដូចជាប្លង់ស្ថាបត្យកម្ម គំនូរព្រាងគ្រឹះនិងគ្រោងអគារ និងផែនការសុវត្ថិភាពអគ្គីភ័យ) លិខិតអនុញ្ញាតសាងសង់ (ប្រសិនបើមាន) និង កិច្ចសន្យាសាងសង់រវាងម្ចាស់សំណង់ និងអ្នកម៉ៅការសំណង់ ជាដើម។

វិញ្ញាបនបត្រនេះ នឹងត្រូវចេញឱ្យបានចំពោះតែអគារសំណង់ណាដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ មនុស្សទូទៅ និងសណ្តាប់ធ្នាប់សាធារណៈប៉ុណ្ណោះ។

ដូច្នេះ កត្ដាសំខាន់ដែលកំណត់ថាអគារមួយនឹងទទួលបានវិញ្ញាបនបត្រប្រើប្រាស់សំណង់ឬទេ គឺអាស្រ័យទៅលើ លទ្ធផលរបាយការណ៍ត្រួតពិនិត្យគុណភាព និងសុវត្ថិភាពសំណង់ ដែលត្រូវធ្វើឡើងដោយអ្នកត្រួតពិនិត្យសំណង់ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។

អាជ្ញាធរ/ក្រសួងពាក់ព័ន្ធនឹងពិនិត្យលើរបាយការណ៍ និងឯកសារទាំងនោះ មុននឹងសម្រេចថា អនុម័ត ឬបដិសេធ វិញ្ញាបនបត្រប្រើប្រាស់សំណង់។ ក្នុងករណីមានការបដិសេធ អាជ្ញាធរឬក្រសួងពាក់ព័ន្ធ អាចស្នើសុំឱ្យម្ចាស់សំណង់ ក្រែសម្រួលសំណង់ ឬរុះរើសំណង់ បើចាំបាច់។

ដោយសារតែ ច្បាប់សំណង់ ទុករយៈពេលអនុគ្រោះត្រឹម ២ ឆ្នាំ ឱ្យម្ចាស់សំណង់ទាំងនេះអាចដាក់ពាក្យស្នើសុំ ពោលគឺរហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ ដែលគិតត្រឹមបច្ចុប្បន្ន គឺសល់ត្រឹមតែ ២ ខែទៀត ប៉ុណ្ណោះ។ ដូច្នេះ ម្ចាស់សំណង់ ឬអ្នកពាក់ព័ន្ធផ្សេងៗ គួររួសរាន់ដាក់ពាក្យ កុំឱ្យហួសពេល មិនដូច្នេះទេនឹងត្រូវផាកពិន័យ។

គួរបញ្ជាក់ផងដែរថា មុននឹងសាងសង់ ឬទិញអគារសំណង់ណាមួយ អ្នកវិនិយោគត្រូវតែពិនិត្យឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសលើសុពលភាពនៃប្លង់កម្មសិទ្ធិ និងលិខិតអនុញ្ញាតនានារបស់សំណង់នោះ។

ការខកខានមិនបានស្នើសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់ តាមច្បាប់កំណត់ អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃជារួមរបស់សំណង់អគារ និងក៏ជាកត្តាបង្អាក់សក្ដានុពលលក់ចេញ ឬទិញចូលរបស់អចលនទ្រព្យនោះផងដែរ។

ជាសរុប ម្ចាស់សំណង់ដែលសាងសង់អគារដោយលិខិតសាងសង់ ឬផ្ទុយនឹងច្បាប់នានាមុនឆ្នាំ ២០១៩ មានពេលរហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកាឆ្នាំ ២០២១ ប៉ុណ្ណោះ ក្នុងការធ្វើឱ្យអគាររបស់ខ្លួនស្របច្បាប់វិញ ដោយការដាក់ពាក្យសុំវិញ្ញាបនបត្រប្រើប្រាស់សំណង់។

បើមិនធ្វើដូច្នេះទេ បញ្ហានេះនឹងជះឥទ្ធិពលអវិជ្ជមានទៅពេលអនាគតដូចជា ការពិបាកក្នុងការទិញលក់ជាដើម ព្រោះអ្នកទិញទៅអនាគតនឹងសុំមើលវិញ្ញាបនបត្រប្រើប្រាស់សំណង់ មុននឹងសម្រេចចិត្តទិញ។


អំពីអ្នកនិពន្ធ
លោក Charles AMAR មានបទពិសោធន៍យ៉ាងទូលំទូលាយលើគ្រប់ផ្នែកនៃច្បាប់អចលនទ្រព្យ ដោយផ្តោតជាពិសេសទៅលើបញ្ហាទាក់ទងទៅនឹងការវិនិយោគអចលនទ្រព្យ ការអភិវឌ្ឍន៍គម្រោង ការសាងសង់ និងការគ្រប់គ្រងទ្រព្យសម្បត្តិ។

លោកតែងតែផ្តល់ប្រឹក្សាដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស ដែលស្វែងរកការផ្តល់ប្រឹក្សាពីអ្នកជំនាញ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតលើប្រតិបត្ដិការសំខាន់ៗនិងភាពស្មុគស្មាញ ដែលពាក់ព័ន្ធទៅនឹងអចលនទ្រព្យ (អចលនទ្រព្យដែលអភិវឌ្ឍរួច និងស្ថិតក្នុងដំណាក់កាលធ្វើផែនការ)។

សមត្ថភាព និងជំនាញរបស់លោក គ្របដណ្ដប់លើគម្រោងអចលនទ្រព្យគ្រប់ប្រភេទ អាចជាគម្រោងលំនៅដ្ឋន បូរី ខុនដូ ការិយាល័យ ផ្សារទំនើប សណ្ឋាគារ ឃ្លាំង អគារឧស្សាហកម្ម ឬ ចំណតរថយន្ត ជាដើម។

លោក ក៏ជាមេធាវីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ជាមួយបទពិសោធ១៥ ឆ្នាំ មកពីប្រទេសបារាំង និងជាសាស្ត្រាចារ្យផ្នែកច្បាប់សំណង់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផងដែរ ។

ព័ត៌មានដែលមាននៅក្នុងអត្ថបទនេះគឺត្រូវបានផ្តល់ជូនសម្រាប់គោលបំណងព័ត៌មានតែប៉ុណ្ណោះ ហើយមិនអាចយកទៅធ្វើជាអំណះអំណាងសម្រាប់ប្រឹក្សាផ្នែកច្បាប់នោះទេ។ ការប្រឹក្សាផ្នែកច្បាប់គួរតែត្រូវបានទទួលពីអ្នកប្រឹក្សាផ្នែកច្បាប់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ស្ថានភាពជាក់ស្តែងនីមួយៗ។ ប្រសិនបើអ្នកចង់ធ្វើការផលិតឡើងវិញ ឬប្រើប្រាស់ចំណុចណាមួយនៃអត្ថខាងលើនេះ វាគឺជាការទទួលខុសត្រូវរបស់លោកអ្នកក្នុងការទទួលបានការអនុម័តសម្រាប់ការចាំបាច់ប្រើប្រាស់អត្ថបទនេះ។

អត្ថបទចុះផ្សាយខាងលើនេះ គឺប្រើប្រាស់សម្រាប់ជាសារព័ត៌មានប៉ុណ្ណោះ។ អត្ថបទនេះមិនមែនមានន័យក្តោបក្តាប់ទាំងអស់នោះទេ ហើយវាមិនអាចយកទៅធ្វើជាអំណះអំណាងសម្រាប់ប្រឹក្សាផ្នែកច្បាប់នោះទេ។ លោកអ្នកត្រូវស្វែងរកការប្រឹក្សាជាក់លាក់ទៅតាមស្ថានភាពជាក់ស្ដែងរបស់លោកអ្នក។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]