ប្រព័ន្ធចម្រោះទឹកស្អាតស្ដង់ដាអូស្រ្ដាលីនៅខេត្តបាត់ដំបងដាក់ឱ្យដំណើរការហើយ

ប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច ដែលស្ថិតក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យដំណើរការហើយ កាលពីថ្ងៃទី១ ខែធ្នូ នេះ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។

គម្រោងនេះសាងសង់ឡើងដោយក្រុមហ៊ុនឯកជនអូស្ត្រាលី We Venture ក្រោមជំនួយឥតសំណងរបស់អូស្ត្រាលី តាមរយៈកម្មវិធី 3i សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជា។

រោងចក្រចម្រោះ និងផលិតទឹកស្អាតនេះ ប្រើបច្ចេកវិទ្យា Ultra Filtration Membrane ដែលអាចធានាបាននូវគុណភាពផលិតទឹកខ្ពស់។ ម្យ៉ាងទៀត បច្ចេកវិទ្យានេះក៏កំពុងពេញនិយម ដែលកំពុងប្រើប្រាស់ក្នុងរោងចក្រផ្គត់ផ្គង់ទឹកស្អាតជាច្រើននៅកម្ពុជាផងដែរ។

ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបង្ហាញក្តីរីករាយចំពោះលទ្ធផល ដោយបញ្ជាក់ថាអូស្ត្រាលីនឹងបន្តគាំទ្រដល់ការអភិវឌ្ឍន៍កម្ពុជា ជាពិសេសកំពុងត្រៀមអនុវត្តគម្រោងថ្មីមួយទៀត “the Cambodia-Australian Partnership for Resilient Economic Development (CAP-RED)” ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ ខាងមុខនេះផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ពិសេសវិស័យទឹកស្អាត។ ឯកឧត្តម ក៏បានស្នើឱ្យអគ្គនាយកដ្ឋានទឹកស្អាត និងកម្មវិធី 3i បន្តធ្វើការសិក្សាលម្អិតបន្ថែមទៀត ដើម្បីឱ្យបានយល់កាន់តែច្បាស់អំពីប្រសិទ្ធិភាពរបស់ប្រព័ន្ធនេះ សម្រាប់ ប្រតិបត្តិការរយៈពេលវែង៕

 

- Video Advertisement -