មណ្ឌលយុវនីតិសម្បទាស្ថិតនៅខេត្តកណ្តាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មណ្ឌលយុវនីតិសម្បទា ស្ថិតនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី២៨ ខែធ្នូនេះ ដែលនឹងដើរតួនាទីរួមចំណែកជួយស្ដារនីតិសម្បទា ជួយកសាងធនធានមនុស្ស។

ពិធីសម្ពោធនេះធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្ដេចឧបនាយករដ្ឋមន្ត្រី ក្រឡាហោម ស ខេង និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

មណ្ឌលនេះកសាងឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបែងចែកជាបុរីកុមារមិត្តភាព មណ្ឌលថែទាំនិងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី មណ្ឌលសុខភាពបាគូរសាងសង់ដោយក្រសួងសុខាភិបាល មណ្ឌលព្យាបាល និងស្ដារអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតសម្បទា និងត្រៀមសាងសង់មណ្ឌលស្ដារនីតិសម្បទានជនរងគ្រោះផ្សេងៗទៀតផងដែរ។

កាលពីចុងសប្តាហ៍មុន មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ តម្លៃជាង ៧លានដុល្លារ ក៏បានបញ្ចប់ហើយដែរ ដោយត្រៀមបើកសម្ពោធជាផ្លូវការឆាប់ៗនេះ។

ចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ អគារព្យាបាលនេះ មានចំនួន ១២អគារ ដែលសាងសង់ឡើងក្រោមថវិកាជំនួយពីរដ្ឋាភិបាលវៀតណាម មានចំនួន ៣លានដុល្លារ និងថវិកាផ្សេងទៀតបានពីជំនួយសប្បុរសជននានា។

- Video Advertisement -