រដ្ឋឯកភាពគម្រោងវិនិយោគសួនកម្សាន្តលើទឹកសមុទ្រតម្លៃ ៥០ម៉ឺនដុល្លារ
រដ្ឋបាលខេត្តព្រះសីហនុ បានឯកភាពលើគម្រោងវិនិយោគសួនកម្សាន្តកីឡាទេសចរណ៍លើទឹកសមុទ្រ ដែលមានតម្លៃប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក របស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
បើតាមបទបង្ហាញរបស់ក្រុមហ៊ុន ទីតាំងវិនិយោគនេះ នឹងសាងសង់ឡើងនៅទល់មុខនឹងអគារសណ្ឋាគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទទឹង ១០០ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ២០ម៉ែត្រ ដោយមិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។
ចំពោះសួនកម្សាន្តនេះ ក្រុមហ៊ុននឹងរៀបចំឲ្យមានប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ពោងរត់បង្វិលលើទឹក ទូកពោងរាងផ្លែចេក ទូកចែវ ពោងបណ្តែតកម្សាន្តលើទឹក ស្ពានដើរបណ្តែតទឹក ទោងជិះកម្សាន្ត និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះផងដែរ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការគាំទ្រលើការស្នើសុំរបស់ក្រុមហ៊ុន ព្រោះជាផលិតផលទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងស្រុក។
បន្ថែមពីនេះ ឯកឧត្តមអភិបាល ក៏បានណែនាំឲ្យក្រុមហ៊ុន ធ្វើការសិក្សាពីអត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម លក្ខណៈបច្ចេកទេស ផលប៉ះពាល់បរិស្ថានឲ្យបានលម្អិត ដើម្បីរដ្ឋបាលខេត្ត រៀបចំជាគោលការណ៍ស្នើទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាបន្តទៀត។

