កូវ៉ែតចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា
ឯកឧត្តម Mohamad SSHS Alhajri ជាឯកអគ្គរាជទូតតែងតាំងថ្មីនៃរដ្ឋកូវ៉ែតប្រចំាព្រះរាជាណាចក្រកម្ពុជា ចង់វិនិយោគលើវិស័យថាមពល និងការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា។ នេះបើយោងតាមជំនួបរវាងឯកអគ្គរាជទូតកូវ៉ែតជាមួយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំក្រសួងពាណិជ្ជកម្មនៅថ្ងៃទី៣០ ខែវិច្ឆិកា ២០២៣។
នាឱកាសនោះដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់ពីឆន្ទៈយ៉ាងមុតមាំក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យពាក់ព័ន្ធការផ្គត់ផ្គង់ថាមពល(ប្រេងឥន្ទនៈ) និងការសាសង់ផ្លូវល្បឿនលឿន ព្រមទាំងវិស័យហិរញ្ញវត្ថុ(soft loans)ផងដែរ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងនូវច្បាប់ គោលនយោបាយសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តថ្មីៗ ដែលបម្រើដល់សកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើពិពិធកម្មទីផ្សារនាំចេញតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌទ្វេភាគីនិងអាស៊ាន តំបន់សេដ្ឋកិច្ចពិសេស និងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗដូចជា ព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅ។
បន្ថែមពីនេះ ឯកឧត្តម Mohamad S SH S Alhajri ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានេះ ឯកឧត្តម បានស្នើឱ្យពិនិត្យលទ្ធភាពរៀបចំពិព័រណ៍ពាណិជ្ជកម្ម និងវេទិកាធុរកិច្ចរួមគ្នា ដែលអាចជួយបង្កើនទំហំពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីឱ្យកាន់តែល្អប្រសើរ។
គួរបញ្ជាក់ទៀតថា បច្ចុប្បន្នទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូវ៉ែត សម្រេចបានប្រមាណ ៦៤ ម៉ឺនដុល្លារអាមេរិក គិតត្រឹមខែតុលាឆ្នាំ២០២២ លើមុខទំនិញសំខាន់ៗ ដូចជា សម្លៀកបំពាក់និងវាយនភណ្ឌ ថ្នាំជក់ ផលិតផលធ្វើដំណើរ ម៉ាស៊ីននិងឧបករណ៍អគ្គីសនី ប៉ូលីមែរនៃអេទីឡែន កែវ និងវត្ថុធ្វើពីកែវជាដើម។
- Video Advertisement -