ADB ជួយកម្ពុជា ៧៣លានដុល្លារ ដើម្បិជំរុញវិស័យជលផលតាមតំបន់ឆ្នេរសមុទ្រ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧៣លានដុល្លារអាមេរិក ដើម្បីជំរុញភាពធន់អាកាសធាតុ និងវិស័យជលផលតាមតំបន់ឆ្នេរ និងសមុទ្រនៅកម្ពុជាឱ្យមាននិរន្តរភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។
កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន ៤១លានដុល្លារជាកម្ចីពីADB ២២ លានដុល្លារជំនួយរបស់មូលនិធិ ADB និង ១០ លានដុល្លារជាកម្ចីរបស់មូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។
ក្រៅពីនេះ ក៏មានកម្ចីបន្ថែមចំនួន ២០លានដុល្លារ ពី French Development Agency ផងដែរ។
បើតាមអ្នកជំនាញការជាន់ខ្ពស់របស់ធនាគារ ADB ផ្នែកកសិកម្ម និងធនធានធម្មជាតិសម្រាប់តំបន់អាស៊ីអាគ្នេយ៍ Alvin Lopez បានឱ្យដឹងថាគម្រោងនេះ គឺជាការវិនិយោគដំបូង និងដ៏សំខាន់របស់ធនាគារ ADB ក្នុងវិស័យជលផលតំបន់សមុទ្រ និងតំណាងឱ្យព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ផែនការសកម្មភាពចំពោះនិរន្តភាពសេដ្ឋកិច្ចពណ៌ខៀវ និងសុខុមាសភាពសមុទ្រ (Action Plan for Healthy Oceans and Sustainable Blue Economies)។
សេចក្តីប្រកាសពត៌មានបានឱ្យដឹងបន្ថែមថា ការនេសាទហួសហេតុ និងការប្រែប្រួលអាកាសធាតុ បានបណ្តាលឱ្យធ្លាក់ចុះនៃការផ្គត់ផ្គង់ជលផល ដែលបង្កផលប៉ះពាល់ដល់សហគមន៍តាមតំបន់ឆ្នេរ និងអាជីវកម្មជលផល និងបង្កការឡើងតម្លៃជលផលកាន់តែខ្ពស់។
គម្រោងនេះ នឹងជួយពង្រឹងវិស័យជលផលតាមតំបន់សមុទ្ររបស់កម្ពុជា ខណៈដែលធនាគារ ADB ក៏បាននឹងកំពុងជួយរួមចំណែការផ្គត់ផ្គង់ជលផល និងប្រព័ន្ធអេកូឡូស៊ីនៅឈូងសមុទ្រថៃផងដែរ។
ជាមួយនឹងគម្រោងនេះ ខេត្តបួនដែលជាប់មាត់សមុទ្ររបស់កម្ពុជា រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ នឹងអាចកាត់បន្ថយការធ្លាក់ចុះយ៉ាងកំហុកនៃជលផល និងទទួលបានការលើកកម្ពស់សមុទ្រវប្បកម្ម និងពង្រឹងជម្រកត្រី ដើម្បីធ្វើឱ្យសុវត្ថិភាពអាហារសមុទ្រកាន់តែប្រសើរ។
បន្ថែមពីនេះ គម្រោងនេះនឹងជួយឱ្យអាជីវកម្មនេសាទតាមសមុទ្រប្រមាណ ៤០% កាន់តែបង្កបង្កើនផល និងក្លាយជាសហគ្រាសដែលមាននិរន្តរភាពដោយអាចអោយសហគមន៍តំបន់ឆ្នេរ និងអាជីវកម្មតូចៗ អាចរកចំណូលបានច្រើនយ៉ាង ហើយអាចអភិវឌ្ឍន៍ខ្លួនទៅជាសហគ្រាសមួយដែលជោគជ័យ។
គួរបញ្ជាក់ថា អនុវិស័យជលផល គឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ស្មើនឹង ៨% ទៅ១០% នៃផលិតផលក្នុងស្រុកសរុប (ផសស)។ ជលផលសមុទ្រ ស្មើនឹង ១៣% នៃអនុវិស័យជលផលទាំងមូល។
- Video Advertisement -