សម្តេចជំរុញឱ្យអាជ្ញាធរត្រូវចុះបញ្ជីដីធ្លីឱ្យអស់ត្រឹមឆ្នាំ២០២៣ ពិសេសដីធ្លីជុំវិញបឹងទន្លេសាប
សម្តេចតេជោ ហ៊ុន សែន បានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចុះបញ្ជីដីឱ្យបានចប់ ១០០ភាគរយ ក្នុងឆ្នាំ២០២៣ ដូចដែលបានគ្រោងទុក។ នេះបើតាមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ចំណុចសេសសល់នៅតិចទេ ប៉ុន្តែកន្លែងខ្លះហាក់ដូចជាពន្យារក្នុងការចុះបញ្ជីដីធ្លីទាំងលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ឬធ្វើខ្លះដែរ តែមិនមានសន្ទុះ ព្រោះគ្មានការជំរុញ ដែលធ្វើឱ្យប្រជាជនរង់ចាំ។
បន្ថែមពីនេះ សម្តេចតេជោ បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបញ្ជាទៅមន្ទីរសុរិយោដីរាជធានី ខេត្ត ដោយមានកិច្ចសហការពីរដ្ឋបាលរាជធានី ខេត្ត ឱ្យចូលរួមយកចិត្តទុកដាក់ចុះបញ្ជីដីជូនប្រជាពលរដ្ឋ។
មួយវិញទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការចុះបញ្ជីដី ជារឿងចាំបាច់ ដែលជាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ដើម្បីជៀសវាងនូវបញ្ហាជាបន្តទៀត។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធិដីបានចំនួន ៣១៥.៤៤១ បណ្ណ និងចែកដល់ដៃប្រជាពលរដ្ឋចំនួន ២៦៤.៨០៤ បណ្ណ។ (អានបន្ថែម)
ទន្ទឹមនឹងនេះ បើតាមសេចក្តីប្រកាសពត៌មាន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងរៀបចំដែនដី បានប្តេជ្ញាចិត្តបន្តដោះស្រាយជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប។
ក្រសួង នឹងបន្តធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗជុំវិញបឹងទន្លេសាប ស្របតាមស្ថានភាពនៃការកែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្កៀលទីតាំងដីដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់ ៣ និង តំបន់ ២ ឱ្យចប់ត្រឹមខែឧសភា ឆ្នាំ ២០២៣។
គិតចាប់ពីពេលចាប់ផ្តើមអនុវត្តមកដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទល់តំបន់៣ និងតំបន់២ នៃបឹងទន្លេសាបសរុបទំហំ ២៤៩៤០ហិកតា ៦២អា ៩៧សង់ទីអា ផ្ដល់ជូនប្រជាពលរដ្ឋចំនួន១៥ ៦៦១ គ្រួសារ ក្នុងនោះផ្ទៃដីទំហំ១១ ២៥៥ហិកតា ២៩សង់ទីអា ២៩អា ផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន១២០៤១គ្រួសារ និងផ្ទៃដីទំហំ១៣ ៦៨៥ហិកតា ៣៣អា ៦៨សង់ទីអា និងផ្តល់ជាសិទ្ធិកាន់កាប់ និងអាស្រ័យផលជូនប្រជាពលរដ្ឋ ចំនួន៥ ៣០៨គ្រួសារ។
- Video Advertisement -