រដ្ឋាភិបាលរំពឹងថា កម្ពុជានឹងក្លាយជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតលើលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការជំរុញនិងគាំទ្រ ផលិតកម្មស្វាយចន្ទីក្នុងប្រទេស ដើម្បីនាំកម្ពុជាឈានទៅកាន់ប្រទេសដែលអាចផលិត និងនាំចេញគ្រាប់ស្វាយចន្ទីច្រើនបំផុតនៅក្នុងពិភពលោក។
ក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីបុណ្យលើកទី៧ នៅខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចរំពឹងថា កម្ពុជានឹងឈានទៅជាប្រទេសដែលអាចផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក ដោយសម្តេចបានថ្លែងថា បើប្រៀបធៀបអតីតកាល និងបច្ចុប្បន្ន ផលិតផលស្វាយចន្ទីរបស់កម្ពុជា ដែលនៅតាមស្តង់នីមួយៗ សុទ្ធតែមានការផលិត ប្រកបដោយការទទួលខុសត្រូវ និងមានគុណភាព ដែលអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការចាំចេញបាន។
សម្តេចតេជោបានគូសបញ្ចាក់ថា មកដល់ពេលបច្ចុប្បន្ននេះ ការនាំចេញគ្រប់ស្វាយចន្ទី ពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មានចំនួន ១លាន ១៨ម៉ឺនតោន ដែលចំនួននេះច្រើនជាងប្រទេសកូឌីវ័រ ដែលមានត្រឹម ១លាន ១សែនតោនទៅទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តម យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែមីនានេះថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយស្វាយចន្ទីរួចរាល់ហើយ ដែលនេះជាការត្រួសត្រាយផ្លូវ សម្រាប់ការលើកស្ទួយវិស័យស្វាយចន្ទី។
ឯកឧត្តមបានបញ្ជាក់ថា ការរៀបចំឲ្យមានវេទិកាជាតិ ស្តីពីស្វាយចន្ទី ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោបាយស្វាយចន្ទីឲ្យបានជោគជ័យ។
រីឯ លោក ស៊ុយ កុកទៀង អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា ក៏បានលើឡើងកាលពីពេលថ្មីនេះដែរថា នៅក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជាអាចនាំចេញស្វាយចន្ទី ១លាន១សែនតោនក្នុងមួយឆ្នាំ ខណៈផ្ទៃដីដាំដុះកើនដល់ប្រមាណ ៧០ម៉ឺនហិកតា។ ប៉ុន្តែកម្ពុជានៅមានបញ្ហាប្រឈម ដែលមិនទាន់មានលទ្ធភាពកែច្នៃទៅជាផលិតផលសម្រេច ដើម្បីនាំចេញទៅក្រៅប្រទេសបាន។
បើយោងតាមរបាយការណ៍របស់ world population review បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសដែលផលិតស្វាយចន្ទីច្រើនបំផុតនៅលើលោក គឺប្រទេសកូឌីវ័រ ដែលផលិតបានចំនួន ៧៩២ ៦៧៨តោន តាមពីក្រោយដោយប្រទេសឥណ្ឌា ចំនួន ៧៤៣ ០០០តោននិងប្រទេសវៀតណាម ចំនួន ២៨៣ ៣២៨តោន៕
ទាក់ទងផលិតផលគ្រាប់ស្វាយចន្ទីនេះដែរ កន្លងមកមានក្រុមហ៊ុនជប៉ុន Top Planning Japan Co., LTD ធ្លាប់បានបង្ហាញពីចំណាប់អារម្មណ៍ខ្លាំងចង់បង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសម្បកគ្រាប់ស្វាយចន្ទីទៅជាប្រេងឥន្ធនៈនៅកម្ពុជា។ (អានបន្ថែម)
- Video Advertisement -