ព្រលានតារាសាគរ-កោះកុង កំណត់បើកដំណើរការពាក់កណ្តាល២០២៣ ដោយមិនពន្យាពេលទៀតទេ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងគ្រោងបើកដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍កំពុងពន្លឿនបញ្ចប់ដំណើរការសាងសង់ និងបំពេញនិតិវិធីសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាន់ការប្រកបអាជីវកម្មអាកាសចរណ៍ ដោយមិនចង់ឱ្យមានការពន្យារពេលទៀតទេ។ នេះបើតាម ប្រសាសន៍របស់លោកជំទាវ ភូថង មិថុនា អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង គ្រោងនឹងបើកការហោះហើររបស់ខ្លួន ជាផ្លូវការនៅពាក់កណ្ដាលឆ្នាំ២០២៣នេះ ដោយមិនពន្យារពេលទៀតនោះទេ ដើម្បីជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

គួររម្លឹកដែរថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង កាលពីដើមឡើយគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅចុងឆ្នាំ២០២២ ប៉ុន្ដែត្រូវបានពន្យារជាច្រើនលើកជាច្រើនសារមកហើយ ដោយសារតែវិបត្តិកូវីដ១៩ និងសង្រ្គាមរុស្ស៊ី-អ៊ុយគ្រែន បានធ្វើឲ្យដំណើការសាងសង់មានការរអាក់រអួលជួបបញ្ហាជាបន្តបន្ទាប់ ទើបមិនអាចបញ្ចប់តាមផែនការបាន។

យ៉ាងណាមិញ លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ដើម្បីបើកដំណើរការអាកាយានដ្ឋានមួយបាន យើងត្រូវបំពេញនិតិវិធីជាច្រើន ដូចជា ក្រោយបញ្ចាប់ការងារសាងសង់ ក្រុមហ៊ុន ត្រូវដាក់សំណើរស្នើសុំវិញ្ញាបណ្ណបត្រអាកាសយានដ្ឋាន (Airport Certificate) ដោយឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញ របស់អាកាសចរស៊ីវិល ទៅលើស្តង់ដារនៃការសាងសង់ បច្ចេកទេស ក្នុងការតំឡើងឧបករណ៍បច្ចេកទេសផ្សេងៗ ប្រព័ន្ធនិងសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបណ្តុះបណ្តាលបុគ្គលិក ។ល។ ឱ្យស្របទៅតាមច្បាប់អង្គការអាកាសចរស៊ីវិលអន្តរជាតិ (ICAO) ដែលបានកំណត់ មុននឹងឈានទៅដល់ការដាក់ដំណើរការអាកាសយានដ្ឋានបាន។

«ដំណើរការនេះទាមទារឱ្យប្រើប្រាស់ពេលវេលាធ្វើការ និងសហការយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនសាងសង់ ដោយពិនិត្យទៅលើលក្ខណៈបច្ចេកទេសនានា ឱ្យស្របទៅតាមច្បាប់អាកាសចរស៊ីវិលអន្តរជាតិ ដែលជាទូទៅការងារនេះត្រូវការពេលវេលា យ៉ាងតិច៣ ទៅ៦ខែ សំរាប់ដំណើរស្នើសុំវិញ្ញាបណ្ណបត្រដំណើរការអាកាសយានដ្ឋានអន្តរជាតិ» លោកបន្ត។

លោកក៏សង្កត់ទៀតថា «ដោយសារការសាងសង់មិនទាន់ចប់សព្វគ្រប់នៅឡើយ ទើបក្រុមហ៊ុនសាងសង់ស្នើសុំមករដ្ឋលេខាធិការអាកាសចរស៊ីវិល ធ្វើការពន្យាពេល ក្នុងការចុះធ្វើអធិការកិច្ច ដើម្បីពិនិត្យលើការស្នើសុំវិញ្ញាបណ្ណបត្រដំណើរការអាកាសយានដ្ឋាន រហូតដល់ចុងខែមិថុនា២០២៣»។

តែទោះយ៉ាងណាក្តី ក្រុមហ៊ុនប្តេជ្ញាពន្លឿនបញ្ចប់ការងារដែលនៅសេសសល់ទាំងអស់នេះ ដើម្បី អាចបើកការហោះហើរបានក្នុងពាក់កណ្តាលឆាំ២០២៣នេះ ឱ្យខានតែបាន។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើផ្ទៃដីទំហំ ២១៨ហិកតា ក្នុងទំហំទឹកប្រាក់ ២០០លានដុល្លារ (ដំណាក់កាលទី១) មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់4E បាន ដូចជាយន្តហោះប្រភេទ Boeing-777 និង Airbus A-340/A-350។ (អានបន្ថែម)

រូបភាពដោយ khmerpostasia

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]