ថៃផ្តល់កម្ចី ៣០លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧
កម្ពុជា និងថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ) ដែលមានទឹកប្រាក់សរុបចំនួន ៩៨៣លានបាត ឬត្រូវនឹងប្រមាណ ៣០លានដុល្លារអាមេរិក។
តំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វង្សី វិស្សុត បានសម្តែងនូវក្តីសោមន្សរីករាយ ដែលរាជរដ្ឋាភិបាលថៃ បានអនុម័តឥណទានសម្រាប់គម្រោងលើកកម្រិតផ្លូវជាតិលេខ ៦៧ (សៀមរាប-អន្លង់វែង-ជាំ/សាង៉ាំ)នេះ។
ឯកឧត្តមបន្តថា កិច្ចព្រមព្រៀងឥណទានសម្បទាននេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីភាពជាអ្នកជិតខាងដ៏ល្អរវាងកម្ពុជា-ថៃ ដែលមានព្រពៃណីទំនៀមទំលាប់ស្រដៀងគ្នាប៉ុណ្ណោះទេ តែក៏ជាដៃគូដ៏ល្អផងដែរ។
ទន្ទឹមគ្នានេះដែរ លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃបណ្តាប្រទេសជិតខាង (NEDA) តំណាងភាគីថៃ បានលើកឡើងថា បច្ចុប្បន្ន NEDA កំពុងដើរតួនាទីជាដៃគូអភិវឌ្ឍន៍ដ៏សកម្មមួយរបស់កម្ពុជា ដោយផ្តោតសំខាន់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលដៅពន្លឿនការតភ្ជាប់រវាងប្រទេសទាំង២ ឱ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ ៦៧ ធ្លាប់ត្រូវបានស្តារ និងសាងសង់ឡើងវិញ ក្រោមហិរញ្ញប្បទានសម្បទានរបស់រាជរដ្ឋាភិបាលថៃតាំងពីឆ្នាំ២០០៦មកម្ល៉េះ និងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅខែកក្កដា ឆ្នាំ២០០៩។
ក្រោយពីបានដាក់ប្រើប្រាស់ជាងមួយទសវត្សរ៍ ផ្លូវនេះពិតជាត្រូវការ ជួសជុល និងកែលម្អឡើងវិញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍកម្ពុជានាពេលបច្ចុប្បន្ន។
ផ្លូវជាតិលេខ៦៧ នេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ដែលភាគីកម្ពុជា និងថៃ ចាត់ទុកផ្លូវនេះជាច្រកដ៏សំខាន់មួយ ក្នុងការតភ្ជាប់ប្រទេសកម្ពុជា និងប្រទេសថៃ ដោយតភ្ជាប់ខេត្តសៀមរាប និងភាគខាងជើងនៃប្រទេសកម្ពុជា ទៅនឹងខេត្តស៊ីសាកេត និងភាគឦសាននៃប្រទេសថៃ។
លើសពីនេះទៀត ផ្លូវនេះនឹងមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ផ្ទៃក្នុងរបស់កម្ពុជា និងជាមួយប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការតភ្ជាប់ក្នុងតំបន់នៅក្នុងតំបន់ GMS និងអាស៊ានផងដែរ៕
- Video Advertisement -