គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ
ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយត្រឹមតែ ១,២គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះកំពុងសាងសង់។
ជំហានដំបូងម្ចាស់គម្រោងគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ផ្លូវមេទំហំ ៣៧ម៉ែត្រ អ៊ុតកៅស៊ូ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែងជាច្រើន អមទៅដោយសួនច្បារ បង្គោលភ្លើងសូឡា – ប្រព័ន្ធលូទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងដើមឈើធំៗ ជាពិសេសមានចំណតឡានអមសងខាងផ្លូវ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្តផងដែរ។
នាឱកាសនោះ លោក ជិន ច័ន្ទឆាយា បានលើកឡើងថា «គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម នឹងមានជាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ រោងភាពយន្ត សណ្ឋាគារ និងអាជីវកម្មជាច្រើនទៀត ដែលលម្អដោយរចនាបថបែបខ្មែរសឹងតែទាំងស្រុង ដើម្បីចូលរួមផ្សព្វផ្សាយ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះអាជីវកម្មក្នុងស្រុក។»
«រិតតែពិសេសនោះគឺ ទីតាំងគម្រោងស្ថិតក្នុងតំបន់ទេសចរណ៍រាម ដែលគ្រប់គ្នាស្គាល់ថាជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាត អមដោយទេសភាពព្រៃភ្នំនិងឆ្នេរសមុទ្រដ៏ស្រស់ត្រកាល។ មួយវិញទៀត តំបន់នេះក៏នៅជិតព្រលានយន្តហោះ នេះជាកត្តាជំរុញឱ្យតំបន់មួយនេះមានសក្ដានុពលល្អសម្រាប់ប្រកបអាជីវកម្មផ្សេងៗនាពេលអនាគត។ » លោកបន្ត។
គួរបញ្ជាក់ថា គម្រោងអាជីវកម្មរាម មានផ្ដល់ជូននូវទំហំទីតាំងអាជីវកម្មជាច្រើនជម្រើសសម្រាប់អតិថិជន ដែលអាចឱ្យម្ចាស់អាជីវកម្មមានឱកាសសម្រេចចិត្តសាងសង់ទីតាំងរបស់ខ្លួនទៅតាមតម្រូវការ និងបែបបទរបស់អាជីវកម្មនីមួយៗរៀងៗខ្លួន។
ទន្ទឹមនិងនេះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានបន្ថែមថា នៅថ្ងៃខាងមុខ តំបន់រាមនឹងប្រែក្លាយទៅជាទីក្រុងទេសចណ៍ដ៏ទំនើបថ្មីមួយ ក្នុងខេត្តព្រះសីហនុ បើទោះបីជាពេលនេះមិនទាន់បានកាត់ឱ្យក្លាយជាក្រុងផ្លូវការក៏ដោយ។
ចំណែកលោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា ឱកាសនៃការវិនិយោគអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុ គឺមានភាពរ៉ឹងមាំនៅថ្ងៃអនាគត និងមានរយៈពេលវែង ហើយលោកជឿជាក់ថាទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងទំនើបមួយ ដែលមិនចាញ់ទីក្រុងទំនើបៗនៅលើពិភពលោកប៉ុន្មាននោះទេ។
បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម អាចទំនាក់ទំនងតាមរយៈ ហ្វេសប៊ុកផេក៖ KH25 property Co., Ltd ឬតាមទូរស័ព្ទលេខ៖ ០៩២ ២០៧ ៣០៨/ ០៨៧ ២០៧ ៣០៨ ឬគេហទំព័រ www.kh25property.com៕




- Video Advertisement -