ថៃចង់សហការពង្រីកការវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា
គណៈប្រតិភូរបស់ប្រទេសថៃ បានបង្ហាញបំណងចង់ពង្រីកកិច្ចសហការវិនិយោគលើអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នភាគីថៃ កំពុងសិក្សាស្វែងរកឱកាសវិនិយោគលើវិស័យនេះផងដែរ។
នេះបើយោងតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Supachai Verapuchong តំណាងឱ្យគណៈប្រភិភូប្រទេសថៃ និងជាអគ្គនាយកក្រុមហ៊ុន Logistics Intelligence Cambodia Co., Ltd និង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣។
លោក Supachai Verapuchong បានឱ្យដឹងថា ជំនួបនេះគឺផ្តោតសំខាន់លើកិច្ចពិភាក្សាការងារ និងផែនការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ព្រមទាំងសិក្សាពីលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យមួយនេះជាមួយក្រសួងសាធារណការ ដោយបានបង្ហាញពីឆន្ទៈខ្ពស់ និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសហការជាមួយកម្ពុជានាពេលឆាប់ៗខាងមុខនេះ។
ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការអភិវឌ្ឍលើវិស័យភស្តុភារកម្ម នៅតែជាយុទ្ធសាស្រ្តចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយជំរុញនិងលើកកម្ពស់សេដ្ឋកិច្ចជាតិ ក្នុងនោះមានគម្រោងជាង ៣០០គម្រោង ក្នុងទំហំទឹកប្រាក់ប្រមាណ ៥០ពាន់លានដុល្លារ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេនៃវិស័យភស្តុភារកម្ម សម្រាប់ធ្វើការអនុវត្តក្នុងរយៈពេល១០ឆ្នាំទៅមុខ ដើម្បីឱ្យកម្ពុជាក្លាយទៅជាមជ្ឈមណ្ឌលភស្តុភារកម្ម នៅក្នុងតំបន់។
លើសពីនេះ ឯកឧត្តមបន្តថា គម្រោងផ្លូវរថភ្លើងភ្នំពេញ-ប៉ោយប៉ែត ត្រូវបានសិក្សាលើកកម្រិតគុណភាព ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ដែលរាជរដ្ឋាភិបាលជំរុញឱ្យក្រសួងត្រូវសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្វែងរកដៃគូវិនិយោគនានា ដើម្បីពន្លឿនកិច្ចការទាំងនេះ។
គួរបញ្ជាក់ដែរថា ក្នុងថ្ងៃដំណាល់គ្នានេះដែរ ក្រសួងសាធារណការ ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាទីប្រឹក្សាហិរញ្ញវត្ថុ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation) ដើម្បីសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភ័ស្តុភារកម្មក្រុងព្រះសីហនុ SHV-LC (Sihanoukville Logistics Complex) ដែលជាគម្រោងអាទិភាពមួយក្នុងចំណោមមជ្ឈមណ្ឌលភ័ស្តុភារអាទិភាពចំនួនពីរដែលត្រូវអភិវឌ្ឍក្នុងប្រទេសកម្ពុជា៕ (អានបន្ថែម)
- Video Advertisement -