កត្តា២ បានជំរុញឱ្យខេត្តព្រះសីហនុឈរនៅលេខរៀងទី៥ កំឡុងបុណ្យចូលឆ្នាំខ្មែរ
ខេត្តព្រះសីហនុ ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៏ឈានមុខគេស្ទើរតែរៀងរាល់ខែ តែបែរជាមកឈរនៅលេខរៀងទី៥ តាមពីក្រោយខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ ក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរនេះទៅវិញ ។
ការថមថយនេះបណ្តាលមកពីខេត្តជាប់ឆ្នេរមួយនេះគឺជាទីពេញនិយមសម្រាប់តែទេសចរណ៍ចុងសប្តាហ៍ ហើយបូកផ្សំនឹងចរន្តផ្លាស់ប្តូរនៃទិសដៅរបស់ទេសចរក្នុងអំឡុងបុណ្យចូលឆ្នំាខ្មែរផងដែរ។
នេះបើយោងតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៩ មេសា ២០២៣។
យោងតាមទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣.១៨៧.៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។
ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗចំនួន៥ រួមមាន ខេត្តសៀមរាប ២.១២០.៣៧៣នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១នាក់ រាជធានីភ្នំពេញ ១.០៨០.៥០៩នាក់ និងខេត្តព្រះសីហនុ ៨៨៧.៨៩៣នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តជាប់ចំណាត់ថ្នាក់ទី១ ឬទី២ ជារៀងរាល់ខែ បានធ្លាក់មកនៅក្នុងចំណាត់ថ្នាក់ទី៥ តាមពីក្រោយដោយខេត្តផ្សេងៗទៀត។
ជុំវិញចំណាត់ថ្នាក់នេះដែរ ឯកឧត្តម តុប សុភ័ក្រ បានបញ្ជាក់ថា ក្រោយបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ យើងសម្គាល់ឃើញថាទេសចរទៅទស្សនាខេត្តនេះ មានសន្ទះខ្លាំងនៅចុងសប្តាហ៍ ក្នុងរយៈពេលខ្លី ច្រើនជាងរយៈពេលវែង។
«ម្យ៉ាងទៀត ចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរតែងតែមានការផ្លាស់ប្តូរជារឿងធម្មតា ដែលអាចសន្និដ្ឋានបានថា កន្លងមក ទេសចរនិយមទៅទស្សនាខេត្តព្រះសីហនុនៅថ្ងៃសៅរ៍អាទិត្យច្រើនជាង រីឯអំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋអាចប្តូរគោលដៅទៅកាន់ខេត្តផ្សេងៗដែលជាស្រុកកំណើតខ្លួនវិញ។» ឯកឧត្តមបន្ត។
គួររម្លឹកថា ចំនួនទេសចរឆ្នាំនេះ មានការកើនឡើងច្រើនជាងមុន បើប្រៀបធៀបនឹងឆ្នាំ២០២២ នេះក៏ដោយសារភាពល្អប្រសើរលើស្ថានភាពកូវីដ១៩ ដែលប្រជាជនមានភាពស៊ាំនៅក្នុងសហគមន៍ និងភាពរីកចម្រើនលើហេដ្ឋារចនាសម្ព័ន្ធ។
- Video Advertisement -