ក្រុមហ៊ុនកូរ៉េស្នើបង្កើតមណ្ឌលស្រាវជ្រាវធំ១ទៀត ខណៈទើបបើកដំណើរការរោងចក្រនៅកំពង់ស្ពឺ
រោងចក្រឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ត របស់ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd មកពីប្រទេសកូរ៉េ មានបំណងចង់បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្រោយពីបើកដំណើររោងចក្រផលិតគ្រឿងបង្គុំផ្នែកខ្សែអគ្គិសនីរថយន្តកាលពីពេលថ្មីៗនេះ នៅខេត្តកំពង់ស្ពឺ។
នេះបើតាមជំនួបរវាងឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងប្រតិភូក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd. កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣។
ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគំាំទ្រ និងលើកទឹកចិត្តលើការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការឆ្លងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការស្រាវជ្រាវ និងអភិវឌ្ឍនេះផងដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើភាគីក្រុមហ៊ុនធ្វើការសហការជាមួយមន្ត្រីជំនាញរបស់ក្រសួង ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស ក្នុងការជម្រុញឱ្យគម្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងវិស័យសាធារណៈ និងឯកជន មានដំណើរការទៅមុខជាមួយគ្នា ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់ជួយជុំរុញការអភិវឌ្ឍធនធានមនុស្ស និងពង្រឹងសមត្ថភាពស្ថាប័ននៅកម្ពុជា។
គួរបញ្ជាក់ថា កាលពីថ្មីៗនេះ ក្រុមហ៊ុន YURA Harness(Cambodia) Co,Ltd បានសម្ពោធបើកដំណើរការផ្លូវការនូវរោងចក្រផលិតខ្សែបង្គុំគ្រឿងអេឡិចត្រូនិចរថយន្តនេះ មានទីតាំងស្ថិតក្នុងភូមិទួលធ្នង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ ៦,៨លានដុល្លារ។ (អានបន្ថែម)
ជាមួយនឹងការដាក់ដំណើរការនេះ ក្រុមហ៊ុនកំពុងត្រូវការធនធានមនុស្សកម្ពុជាផ្នែកវិស្វកម្មជាច្រើននាក់ ដើម្បីបំពេញតម្រូវការក្នុងរោងចក្ររបស់ខ្លួនផងដែរ។
ក្រុមហ៊ុន YURA Harness (Cambodia) Co,Ltd ជាសាខារោងចក្រទីមួយនៅកម្ពុជា ក្នុងចំណោមរោងចក្រទាំង៧១ របស់ YURA Group ជុំវិញពិភពលោក ដោយក្នុងនោះ នៅតំបន់អាស៊ីអាគ្នេយ៍មានសាខាចំនួន ១៤ រោងចក្រ នៅវៀតណាមមានចំនួន១២ ហើយនៅឥណ្ឌូនេស៊ីមានចំនួន១។
- Video Advertisement -