រោងចក្រថ្មី៥ តម្លៃជាង ៥០លានដុល្លារ នឹងបង្កើតនៅកំពង់ស្ពឺ កណ្តាល និងតាកែវ
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួន៥ ដើម្បីបង្កើតរោងចក្រធំៗចំនួន៥ ក្រោមទុនវិនិយោគ ៥០,៧លានដុល្លារ ដែលនឹងបង្កើតការងារបាន ១៣.៧២២កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ។ នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី១១ កក្កដា ២០២៣។
ក្រុមហ៊ុនទាំង៥នោះរួមមានដូចខាងក្រោម៖
១-“TARAL INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦.៩៣៥កន្លែង។
២-“SUPER KNITTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៥៦៩កន្លែង។
៣- “UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៩៦នាក់។
៤-“ SSCA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៩១កន្លែង។
៥-“FOTON PACKAGING PRODUCT CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣១កន្លែង។
- Video Advertisement -